រយៈពេលមួយខែ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រ មានចំនួនជាង ១ម៉ឺន ៣ពាន់នាក់ (Video Inside)
កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សជំនាញចំនួន ១លាន ៥សែន ពីរង្វង់យុវជនមកពីគ្រួសារក្រីក្រ ទើបបានចុះឈ្មោះរៀនតែប្រមាណជាង ១ម៉ឺន ៣ពាន់នាក់តែប៉ុណ្ណោះ។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី១៤វិច្ឆិកា និងក្នុងរយៈពេល ១ខែមកនេះ ចំនួនអ្នកមកចុះឈ្មោះរៀនមុខវិជ្ជាជំនាញមានចំនួន ១ម៉ឺន ៣ពាន់ ៥៨៧នាក់។
រដ្ឋលេខាធិការលោក កត្តា អ៊ន ដែលជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនៅថ្ងៃទី១៥ធ្នូថា ក្នុងចំណោមអ្នកចុះឈ្មោះសរុបជាងមួយម៉ឺននាក់នោះ រួមមាននៅរាជធានីភ្នំពេញចំនួន ៥ពាន់ ៧០៤នាក់, បាត់ដំបង ១ពាន់ ៤៨៨នាក់, សៀមរាប ៩៣៣នាក់, ព្រះសីហនុ ៤៨២នាក់, ពោធិ៍សាត់ ៤៧៨នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៤ពាន់ ៥០២នាក់។
របាយការណ៍រៀបរាប់ថា អ្នកចុះឈ្មោះរៀនវគ្គបណ្តុះបណ្តាសំណង់ មានចំនួន ១ពាន់ ៩១១នាក់, អគ្គិសនី និងថាមពល ៤៩១នាក់, អេឡិចត្រូនិក ៣៥២នាក់, កម្មន្តសាល ៨៥នាក់, មេកានិចទូទៅ និងមេកានិចរថយន្ត ចំនួន ២ពាន់ ៤នាក់, ផ្នែកធុរកិច្ច និងព័ត៌មានវិទ្យាចំនួន ៤ពាន់ ៤៩០នាក់, ផ្នែកសេវាកម្ម ៧៣០នាក់, បរិក្ខារត្រជាក់ និងកម្តៅ ១ពាន់ ៩៩៤នាក់, ទេសចរណ៍ ៨២៣នាក់, និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៧០៧នាក់។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ក្នុងគំរោង ១លាន ៥សែននាក់ ត្រូវបានគេចាត់ទុកថា ជាការជួយបង្រៀននូវចំណេះ និងជំនាញដល់យុវជន ដើម្បីក្រេបជញ្ជក់យកសម្រាប់អនាគត។ តាមរយៈចំណេះ និងជំនាញនេះ នឹងត្រូវរំពឹងថា នឹងជួយរួមចំណែកឱ្យកម្ពុជា អាចសម្រេចនូវមហិច្ឆតាចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។