រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្រុមចោរបច្ចេកវិទ្យាដែលធ្លាប់ធ្វើសកម្មភាពលួចទិន្នន័យតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួនកន្លងទៅនេះ ភាគច្រើនជា Hacker បរទេស

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមចោរបច្ចេកវិទ្យាដែលធ្លាប់ធ្វើសកម្មភាពលួចទិន្នន័យតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួនកន្លងទៅនេះ ភាគច្រើនជា Hacker បរទេស ហើយមិនមែននៅក្នុងតំបន់អាស៊ីនោះទេ ពោលពួកគេនៅតំបន់ឆ្ងាយជាងនេះ។ ទិន្នន័យដែលប្រជាពលរដ្ឋផ្ដល់ឱ្យក្រសួង ស្ថាប័នត្រូវរក្សាទុកនូវព័ត៌មាននោះឱ្យបានត្រឹមត្រូវ ហើយប្រៀបដូចជាធនាគារមួយយ៉ាងដូច្នេះដែរ ដែលត្រូវធានាសុវត្ថិភាពឱ្យបានខ្ពស់បំផុត និងដើម្បីបង្កើននូវជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ពិសេសមន្ដ្រីតែម្ដងត្រូវបំពេញការងារប្រកបដោយឆន្ទៈ មនសិការខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាពលើការងាររក្សាទិន្នន័យនេះ។ ការបញ្ជាក់នេះ ក្នុងបិទសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ដូច្នេះថា “ថ្មីៗយើងដឹងទាំងអស់គ្នា កម្ពុជារបស់យើងក៏មិនខុសពីប្រទេសជិតខាងដែរ មានការលួច Hack ចូលតាមបណ្ដាក្រសួងមួយចំនួន ហើយក៏បានលួចយកទិន្នន័យសំខាន់ៗ មួយចំនួនផងដែរ។ ថ្វីត្បិតតែក្រសួងមហាផ្ទៃ មិនទាន់មានការលួចចូលកម្រិតណាមួយ។ ប៉ុន្ដែយើងមិនអាចប្រងើយកន្ដើយនូវបញ្ហានេះ។ …ទិន្នន័យដែលយើងប្រមូលពីប្រជាពលរដ្ឋ ប្រៀបដូចជាកូនក្រមុំមួយចឹងគេចង់បានណាស់ “។

ឯកឧត្តមអភិសន្តិបណ្ឌិតបានជំរុញឱ្យតាមបណ្ដាស្ថាប័នរដ្ឋ ពិសេសស្ថាប័នចំណុះក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទិន្នន័យទាំងអស់នេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវសហការជាមួយក្រសួងផែនការ ដើម្បីធ្វើទំនើបកម្មទិន្នន័យ ស្ថិតិអត្រានុកូលដ្ឋាន ត្រូវធានាឱ្យបានត្រឹមត្រូវអាចជឿទុកចិត្តបាន ក្នុងការរក្សាភាពសម្ងាត់នូវព័ត៌មានឯកជន បុគ្គលដែលកត់ត្រា និងរក្សាទុកបញ្ជីប្រជាជន និងបញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណសញ្ជាតិខ្មែរ និងអត្តសញ្ញាណបុគ្គលផ្សេងៗទៀត ដែលស្ថិតក្រោមច្បាប់៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមហាផ្ទៃ

ads banner