ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះជាការពង្រឹងបទពិសោធន៍ត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៥
(ភ្នំពេញ)៖ ការប្រកួតកីឡាគ្រិកឃីតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រយៈពេល២ថ្ងៃនៅពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ហើយ ដោយជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែកបុរស បានទៅក្រុមមកពីខេត្តសៀមរា ខណៈក្រុមនារីចំណាត់លេខ១ បានទៅលើក្រុមមកពីខេត្តសៀមរាបដូចគ្នា។
លោក នូ សុផល អគ្គលេខាធិកា សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា មាន ប្រសាសន៍ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះ គឺជាការប្រកួតមួយឆ្លុះបញ្ចាំង អំពីសមិទ្ធផល មួយដែលសហព័ន្ធ កីឡា គ្រិក ឃីតកម្ពុជាបានបណ្តុះបណ្តាលចាប់តាំងពីស៊ីហ្គេមមក។

លោកថា សកម្មភាពប្រកួតរយៈពេល២ថ្ងៃនេះ កីឡាករការិនីគ្រិកឃីត មានស្មារតីខិតខំប្រឹងប្រែងប្រកួតខ្លាំងមែនទែន ដើម្បីយកជ័យជំនះ។
អគ្គលេខាធិការ រំពឹងជឿជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះ កីឡាករការិនីដែលទទួលបានជ័យលាភី នឹង យកជា បទពិសោធន៍ ហ្វឹកហាត់អភិវឌ្ឍសមត្ថភាពឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី ៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ ២០២៥។
អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីការ ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៣នេះទៅ ក្នុងឆ្នាំ២០២៤ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា នឹងរៀបចំឡើងវិញនូវការងារ រដ្ឋបាលផ្ទៃក្នុង ការងារបច្ចេកទេស គឺការរៀបចំបណ្តុះបណ្តាលគ្រូ ចៅក្រមអាជ្ញាកណ្តាល ការបញ្ជូនគ្រូទៅបង្វឹកតាមក្លិបនីមួយៗ និងផែនការជ្រើសរើសកីឡាករការិនីបន្ថែមទៅតាមបណ្តាខេត្តដែលមានសក្កានុពល ពិសេស ការរៀបចំការប្រកួតថ្នាក់ជាតិរវាងក្លិបនិងក្លិប និងការត្រៀមចេញប្រកួតនៅខាងក្រៅប្រទេសទៅតាមកម្មវិធីគណៈកម្មការអន្តរជាតិគ្រិកឃីត។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃ កាលពី ថ្ងៃទី ១៦-១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីលាននៃពហុកីឡដ្ឋានជាតិ មរតក តេជោ គណៈកម្មការបច្ចេកទេសបានសម្រេចសម្រាំងបានម្ចាស់ ជ័យ លាភី លើវិញ្ញាសាបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមមកពីខេត្ត សៀមរាប ចំណាត់ថ្នាក់លេខ២ ក្រុមខេត្តកំពង់ធំ និងលេខ៣ ក្រុមរាជ ធានីភ្នំពេញ។ ចំពោះវិញ្ញាសានារី ចំណាត់ថ្នាក់លេខ១ ក្រុមនារីខេត្ត សៀមរាប លេខ២ ក្រុមខេត្តតាកែវ និងលេខ៣ ក្រមខេត្តកំពង់ធំ៕



រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធ