រដ្ឋបាលខេត្តបាត់ដំបងធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤

បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និបាត បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើក ទិសដៅ ការងារឆ្នាំ២០២៤របស់រដ្ឋបាលខេត្តរយៈពេល ពីរ ថ្ងៃ ចាប់ពីថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ ២០២៣នាសាលប្រជុំសាលាខេត្តបាត់ដំបង។

ថ្លែងបើកសន្និបាតកាលពីព្រឹកថ្ងៃទី ១៨ ខែធ្នូ ឯកឧត្តម សុខ លូ បាន លើកឡើងថា អង្គសន្និបាត បូកសរុបលទ្ធផល ការងាប្រចាំឆ្នាំ
២០២៣មានការចូលរួមពីតាមបណ្តាវិស័យជំនាញទាំងអស់នៅក្នុងខេត្តដើម្បីបូកសរុបលទ្ធផលការងារនិងឆ្លុះបញ្ចាំងពី សមិទ្ធផល ដែលស្ថាប័ន អង្គភាពសម្រេចបានក្នុងឆ្នាំកន្លងមក។ទន្ទឹមនេះដើម្បីរួមគ្នារកដំណោះ ស្រាយនូវរាល់បញ្ហា ប្រឈម ដែលកើតមានឡើង ក្នុងការបំពេញភារកិច្ច និងពិនិត្យបំពេញបន្ថែម។ កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាក្នុង ការអនុវត្តការងារក្នុងឆ្នាំ២០២៤ខាងមុខ ឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពជាងឆ្នាំកន្លងទៅ។សន្និបាតក៏ដើម្បីប្រមូលផ្តុំ នូវគំនិត យោបល់ ដែលធាតុចូលយ៉ាង សំខាន់ៗ និងបទពិសោធន៍ការងារល្អៗ ព្រមទាំងធ្វើការពិនិត្យពិភាក្សានៅលើសេចក្តីព្រាងរបាយការណ៍ពីលទ្ធផលការងាររបស់ រដ្ឋបាលខេត្ត។

អង្គសន្និបាតក៏មានកិច្ចប្រជុំពិភាក្សា និងធ្វើបទអន្តរាគមន៍លើ ប្រធានបទចំនួន ៥ រួមមាន៖១.ការគ្រប់គ្រងសំរាម (សំណល់រឹង និងរាវ) ,២. ការរៀបចំ និងការគ្រប់គ្រងសំណង់មិនរៀបរយ ,៣. ការដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ ,៤. ការរៀបចំ ក្រុង បាត់ដំបង ក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ (SMART CITY) និង៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការប្រយុទ្ធ ប្រឆាំងគ្រឿង ញៀន។

ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបងបានចាត់ទុកប្រធានបទ ទាំង ៥ខាងលើនេះ នឹងផ្តោតលើការវាយតម្លៃឆ្លុះ បញ្ចាំង បាន កាន់តែមាន ភាពច្បាស់លាស់ទៅលើស្ថានភាពនៃការអនុវត្តការងារជាក់ស្តែងនិងអំពីបញ្ហាប្រឈមនានា ដែលនៅសេសសល់ ដើម្បីលើកយកមកពិចារណា ធ្វើការពិភាក្សា ស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅ សម្រាប់ អនុវត្តនាពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ ថា តាមរយៈ នៃអង្គសន្និបាតនេះ រដ្ឋបាលខេត្ត បានប្ដេជ្ញាចិត្ត រួមគ្នាយ៉ាង មុតមាំក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹងក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

ads banner