កម្ពុជា-បារាំង អះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Jacques PELLET បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំង ក៏បានរំលឹកឡើងវិញនូវព្រះរាជទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង នាថ្ងៃទី១២-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស


