សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៣ គឺជាឆ្នាំដ៏លំបាកចំពោះសេដ្ឋកិច្ចកម្ពុជា តែក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសដោយបានពង្រឹងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឆ្នាំ២០២៣ នេះគឺជាឆ្នាំដ៏លំបាកចំពោះសេដ្ឋកិច្ចកម្ពុជា ដែលទទួលរងការជះឥទ្ធិពលអវិជ្ជមានពីសេដ្ឋកិច្ចសកលក្តី តែកត់សម្គាល់ឃើញថា ក្រសួងពាណិជ្ជកម្មបានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស ដោយបានពង្រឹងកាលានុវត្តភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈការសម្រេចបាននូវការចរចានឹងដាក់ឲ្យចូលជាធរមាននៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ និងពហុភាគីសំខាន់ៗចំនួន៤ ទី១.កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ទី២. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ទី៣.កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប និងទី៤.កិច្ចព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតីបានបន្តថា ឥឡូវនេះ គឺជាបង្គោលចរណ៍ថ្មីមួយក្នុងការអនុវត្តគោលនយោបាយរក្សាពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី សម្រាប់ផលិតផលកម្ពុជា។ អភិក្រមនេះ គឺជាអភិក្រមដែលយើងត្រូវព្យាយាមនិងអនុវត្តឱ្យបានគ្រប់ពេលវេលា រក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មី ពាក្យនេះស្រួលនិយាយតែពិបាកធ្វើ គឺការរក្សាទីផ្សារ វាមិនមែនយើងទៅធ្វើទៅពាណិជ្ជកម្មជាមួយប្រទសមួយមានអ្នកទិញយើងរាល់ឆ្នាំនោះទេ បើយើងមិនខំប្រឹងថែរក្សា ដែលនេះគឺជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់។ ទីផ្សារដែលបានហើយ គឺព្យាយាមថែរក្សាធានាគុណភាព និងផលិតផល និងធានាភាពជឿជាក់ឱ្យបាន។ មិនទាន់បានទីផ្សារអត់អីទេ តែបានហើយបាត់ទៅវិញវាផលពិច័យអាក្រក់ណាស់។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅពេលដែលយើងថែរក្សាបាននូវគុណភាព និងផលិតផលនិងភាពជឿទុកចិត្តទៅលើផលិតផលកម្ពុជា យើងផ្តល់ឱកាសទៅដល់ការពង្រីកបន្ថែម ហើយជាពិសេសនៅផលិតផលមួយចំនួន ព្រោះប្រទេសជាច្រើនមិនងាយមានផលិតផលណាដែលយើងថា អាចផ្តាច់មុខនៅក្នុងប្រទេសយើងដែលអាចថានាំចេញទៅទេ។ ប្រទេសជាង១០០លើពិភពលោកផលិតនាំចេញស្រដៀងគ្នា ហើយការធានានេះគឺកិច្ចការសំខាន់ ការពង្រឹងនេះ គឺត្រូវធ្វើយ៉ាងណាដើម្បីផ្តោតទៅលើការបង្កើតនៅបរិមាណនៃការនាំចេញនៅផលិតផលនិមួយៗជាំហាន៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner