ក្រសួងធនធានទឹកព្យាករណ៍អាកាសធាតុក្តៅក្នុងឆ្នាំ២០២៤ (Video Inside)
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងជុំវិញអាកាសធាតុក្តៅ ខណៈដែលសីតុណ្ហភាពត្រជាក់ទើបនឹងមានប្រមាណពីរបីថ្ងៃរួចមកនេះ។
កម្ពុជាគឺជាប្រទេសនៃតំបន់ត្រូពិកដែលតែងរងនឹងអាកាសធាតុក្តៅ និងសើម មានរយៈពេលវែងជាងរដូវចុះត្រជាក់។ ក្រសួងធនធានទឹក និងឧតុនិយម ដែលទើបតែបានជូនដំណឹងពលរដ្ឋឱ្យប្រុងប្រយ័ត្នសុខភាព ក្នុងពេលចុះត្រជាក់ប៉ុន្មានថ្ងៃនេះ បានជូនដំណឹងឱ្យពលរដ្ឋបានដឹងបន្ថែមថា អាកាសធាតុក្តៅនឹងវិលមកវិញ នាពេលខាងមុខនេះហើយ។
យោងតាមការជូនដំណឹងធាតុអាកាសនឹងចាប់ផ្ដើមក្តៅបន្តិចម្តងៗ ចាប់ពីខែកុម្ភៈ និងកាន់តែកើនកម្តៅឡើងនៅក្នុងខែមេសា ដល់ដើមខែឧសភា ដោយសារការរងឥទ្ធិពលអែលនីញ៉ូ។
ក្នុងរង្វង់ខែមេសា និងឧសភា ឆ្នាំ២០២៤ សីតុណ្ហភាពកម្ដៅនឹងមានរវាងពី ៣៨ទៅ៤១ អង្សាសេ។ ក្នុងឆ្នាំ២០២៤, កម្រិតទឹកភ្លៀងនឹងធ្លាក់តិចជាងមធ្យមភាគប្រចាំឆ្នាំ។ ភ្លៀងកក់ខែធ្លាក់តិចជាងឆ្នាំ២០២៣ និងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។