ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បំភ្លឺករណីជនជាតិថៃ ៩នាក់នៅកាស៊ីណូ (Video Inside)

ស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បំភ្លឺតបជុំវិញហេតុការណ៍ដែលពាក់ព័ន្ធអំពើសង្ស័យជួញដូរមនុស្សមួយកើតឡើង នៅក្នុងតំបន់កាស៊ីណូ លើទឹកដីកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ។

ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានជនជាតិថៃ ៩នាក់ បានរត់ចេញពីក្រុងប៉ោយប៉ែត ចូលមកក្នុងទឹកដីថៃវិញជាមួយការចោទថា ពួកគេបានរងការចាញ់បោកក្រុមបងធំ ល្បួងឲ្យធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់។ ពួកគេបានចោទថារងនឹងអំពើហិង្សា ដោយក្រុមបងធំ នៅក្នុងកាស៊ីណូនោះថែមទៀត។

សេចក្តីប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២ ខែធ្នូ បន្ទាប់ពីមានការស្រាវជ្រាវរួច បានបំភ្លឺថា ជនជាតិថៃទាំង៩នាក់នេះ បានចូលមកក្នុងដីខ្មែរដោយខុសច្បាប់ និងបានលួចចេញទៅវិញ ដោយខុសច្បាប់ ដោយសារពួកគេបានឈ្លោះប្រកែកគ្នា និងដុតបន្ទប់ដេកបង្កអគ្គិភ័យ និងបានប្រើអំពើហិង្សាលើសន្តិសុខ ដែលបានចូលទៅឃាត់។

សេចក្តីប្រកាសដដែលនិយាយថា «ដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនមកអនុវត្តច្បាប់ ទើបពួកគេនាំគ្នារត់គេចខ្លួន, លោតផ្លោះរបងបន្លាលួសបណ្តាលឲ្យមានរបួស ហើយបានលួចឆ្លងដែន ចូលក្នុងប្រទេសថៃ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣»។

ពាក់ព័ន្ធនឹងការចោទប្រកាន់ការប្រើប្រាស់អំពើហិង្សាដាក់លើជនជាតិថៃទាំង៩នាក់នោះ, សមត្ថកិច្ចបានថ្លែងថា គេពុំទាន់ឃើញមានភស្តុតាងពាក់ព័ន្ធដូចការចោទប្រកាន់ របស់សារព័ត៌មានថៃ បានចុះផ្សាយនោះទេ៕

ads banner