២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១ម៉ឺន ៤ពាន់ករណី (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១ម៉ឺន ៤ពាន់ ៥១២ករណី ដែលក្នុងនោះកម្ពុជាក៏មានឆ្លង២ករណីផងដែរ។ ប្រទេសដែលឆ្លងថ្ងៃនេះមានចំនួន៥ ក្នុងនោះគ្រាន់តែសឹង្ហបុរីតែមួយ មានការឆ្លងច្រើនដល់ ១ម៉ឺន ៣ពាន់ ៧៣០ករណី។ សេចក្តីរាយការណ៍ក្រៅប្រទេសបានឱ្យដឹង ប្រទេសសឹង្ហបុរីមានការផ្ទុះឆ្លងវីរុសបំលែងថ្មីកូវីដ១៩។
ការឆ្លងកូវីដ១៩នៅថ្ងៃនេះ បានកើនឡើងច្រើនដល់ ១ម៉ឺន ៤ពាន់ ១៥០ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ ដែលមានការឆ្លងតែ ៣៦២ករណីប៉ុណ្ណោះ។
ប្រទេសទាំង៥ដែលបានឆ្លងរួមមានសឹង្ហបុរី, ហ្វីលីពីន, ប្រទេសថៃ, ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា ដែលមានការឆ្លងតិចជាងគេ ២ករណី។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅអាស៊ាន ក៏មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ២នាក់ផងដែរ ដែលជាពលរដ្ឋនៃប្រទេសថៃ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៦៥ម៉ឺន ៦ពាន់ ៣៨៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ១៣៧នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០០លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៥ម៉ឺននាក់ហើយ៕