មន្ត្រី៖ បើសិនជាគណបក្សមិនដកលោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ចេញពីប្រធាន-អគ្គលេខាធិការគណបក្សភ្លើងទៀនទេ គឺនឹងមានការតវ៉ាជាទ្រង់ទ្រាយធំ
ភ្នំពេញ៖ បើតាមមន្ត្រីគណបក្សភ្លើងទៀន បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែធ្នូនេះថា បើសិនជាគណបក្សមិនដកលោក ទាវ វណ្ណុល ចេញពីប្រធានគណបក្សភ្លើងទៀន និងលោក លី សុធារ៉ាយុត្តិ ចេញពីអគ្គលេខាធិការគណបក្សទេ គឺនឹងមានការតវ៉ាជាទ្រង់ទ្រាយធំនៅក្នុងពេលឆាប់ៗខាមុខនេះ។
មន្ត្រីដដែលបានបន្តថា គិតពីការវ៉ាថ្ងៃទី១៨ ខែធ្នូ រហូតមកដល់ត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ គឺខាងគណបក្សភ្លើងទៀន នៅមិនទាន់ឆ្លើយតបចំពោះការតវ៉ាទាមទារដកលោក ទាវ វណ្ណុល ចេញពីប្រធានគណបក្សភ្លើងទៀន និងលោក លី សុធារ៉ាយុត្តិ ចេញពីអគ្គលេខាធិការគណបក្សភ្លើងទៀននៅឡើយទេ។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងមកនេះ សមាជិក សមាជិកា គណបក្សភ្លើងទៀនរាប់រយនាក់បានមកតវ៉ានៅមុខស្នាក់ការកណ្តាល ស្ថិតនៅក្នុងវិមានពិភពថ្មីសែនសុខ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ដើម្បីតវ៉ាទាមទារទម្លាក់លោក ទាវ វណ្ណុល និងលោក លី សុធារ៉ាយុត្តិ ចេញពីគណបក្សភ្លើងទៀន។ ការតវ៉ានេះ បន្ទាប់ពីលោក ទាវ វណ្ណុល ប្រើអំណាចគណបក្ស ទៅគំរាមកំហែង និងដកហូតតួនាទីសមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតរបស់គណបក្សនៅថ្នាក់ក្រោមជាតិ តាមទំនើងចិត្តយ៉ាងអយុត្តិធម៌៕
ដោយ៖ពលជ័យ


