គណបក្សមហាសាមគ្គីជាតិខ្មែរ ធ្វើលិខិតស្នើនាយករដ្ឋមន្ត្រីថៃត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានធ្វើលិខិតឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងឯកឧត្តមឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំឱ្យមានការត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ នេះបើយោងតាមលិខិតចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ របស់លោក ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាគ្គីជាតិខ្មែរ។
គណបក្សមហាសាមគ្គីជាតិខ្មែរ បានជម្រាបជូន ឯកឧត្តម សេដ្ឋ ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៍ថា នៅពេលថ្មីៗនេះបន្ទាប់ពី គណបក្សមហាសាមគ្គីជាតិខ្មែរ បានឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាពគណបក្សការឡៃ ដែលបានផ្ដល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយគណបក្សមហាសាមគ្គីជាតិខ្មែរ បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្ល ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។
គណបក្សមហាសាមគ្គីជាតិខ្មែរ យល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាព ណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុង អង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយរំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋ កំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះឡើយ ហើយបច្ចុប្បន្ន នេះប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសិទ្ធិសេរីភាពយ៉ាងពេញលេញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។
ចំពោះសកម្មភាពនយោបាយរបស់គណបក្សកាវថ្លៃ ដែលបានធ្វើសកម្មភាពផ្ដល់ទីកន្លែង និងជួយបណ្តុះបណ្តាល ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ដើម្បីឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចោទប្រកាន់ទាំងបំពានថា រាជរដ្ឋភិបាលកម្ពុជា បានរំលោភសិទ្ធិមនុស្ស និងរំលោភប្រជាធិបតេយ្យនៅកម្ពុជា។ សកម្មភាពរបស់គណបក្សកាវក្លៃ នេះហាក់ បីដូចជាកំពុងធ្វើសកម្មភាពឱ្យប៉ះពាល់ដល់នយោបាយការទូតរវាង ប្រទេសកម្ពុជា-ថៃឡង់ដ៏ ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ជាខ្លាំង ជាពិសេសធ្វើឱ្យប៉ះពាល់ច្បាប់ប្រទេសថៃ ដែលប្រទេសថៃ មិនអនុញ្ញាតឱ្យបរទេសណាមួយយកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលស្របច្បាប់ប្រទេសផ្សេងៗនោះទេ ពិសេសប្រទេសអាស៊ាន។
ក្នុងនាមគណបក្សមហាសាមគ្គីជាតិខ្មែរ ជាគណបក្សនយោបាយស្របច្បាប់មួយនៅកម្ពុជា សង្ឃឹមថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី មេត្តាជួយពិនិត្យមើលសកម្មភាពក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស បាននិងកំពុងយកទឹកដីថៃ ធ្វើជាមូលដ្ឋានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានៅ ក្នុងប្រទេសថៃក្រោមការជួយជ្រោមជ្រែងពីគណបក្សកាវក្លៃ។ គណបក្សមហាសាមគ្គីជាតិខ្មែរ សង្ឃឹមនឹងជឿជាក់ថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្តី្រ នឹងពិនិត្យទៅលើសកម្មភាពរបស់គណបក្សកាវក្លៃ ឡើងវិញ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែយូរអង្វែង៕
ដោយ៖ពលជ័យ

