សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលសង្ឃឹមថា រាជរដ្ឋាភិបាលថៃនឹងជួយពិនិត្យមើលទៅលើសកម្មភាពក្រុមប្រឆាំងក្រៅប្រទេសយកទឹកដីថៃ ធ្វើជាមូលដ្ឋានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមសម្ដែងការសោកស្តាយជុំវិញសកម្មភាព គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាព គណបក្សកាវថ្លៃ ដែលបានផ្តល់ទីកន្លែង និងជួយបណ្តុះបណ្ដាលក្រុមអ្នកនយោបាយជ្រុលនិយមឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយសម្ព័ន្ធភាពបណ្តុំសមាគម អង្គការសង្គមស៊ីវិល បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល យល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយ រំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះឡើយ ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសិទ្ធិសេរីភាពយ៉ាងពេញលេញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។
ក្នុងនាម សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ជាស្ថាប័នក្រៅរដ្ឋាភិបាលមួយនៅកម្ពុជា សង្ឃឹមថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃឡង់ដ៏នឹងជួយពិនិត្យមើលទៅលើសកម្មភាពក្រុមអ្នកនយោបាយជ្រុលនិយមប្រឆាំងក្រៅប្រទេស បាននិងកំពុងយកទឹកដីថៃ ធ្វើជាមូលដ្ឋាន វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសថៃ ក្រោមការជួយជ្រោមជ្រែងពីគណបក្សកាវក្លៃ។ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ជឿជាក់ថា រាជរដ្ឋាភិបាលថៃឡង់ដ៍ នឹងពិនិត្យទៅលើសកម្មភាពរបស់គណបក្សកាវក្ល ឡើងវិញ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែយូរអង្វែង និងគាំទ្រឱ្យមានចំណាត់ការតាមផ្លូវច្បាប់ ចំពោះក្រុមអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស ទាំងនោះ ដោយគ្មានការលើកលែងឡើយ៕
ដោយ៖ពលជ័យ
