សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្របខណ្ឌគោលនយោបាយមិនមែនធ្វើឡើងដោយផ្អែកទៅលើការស្រាវជ្រាវនៅលើអាកាសនោះទេ គឺត្រូវផ្អែកលើទិន្នន័យបច្ចុប្បន្នភាព នៃទិន្នន័យជាក់ស្ដែងនៅលើដី
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ក្របខណ្ឌគោលនយោបាយមិនមែនធ្វើឡើងដោយផ្អែកទៅលើអ្វីដែលស្រាវជ្រាវនៅលើអាកាស មិនមែនស្រាវជ្រាវយកទិន្នន័យដែលគេបង្ហោះនៅលើហ្វេសប៊ុក ឬក៏តាមបណ្ដាស្ថាប័នអន្ដរជាតិ ដែលជាទិន្នន័យចាស់នោះទេ គឺត្រូវផ្អែកលើទិន្នន័យបច្ចុប្បន្នភាព នៃទិន្នន័យជាក់ស្ដែងនៅលើដី ដែលនេះគឺជាការដាក់ចេញគោលនយោបាយជាក់លាក់ ដែលមិនធ្វើដោយស្រមើស្រមៃ ដោយអារម្មណ៍នោះទេ តែត្រូវផ្អែកលើទិន្នន័យជាក់ស្ដែង។ ការបញ្ជាក់នេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ក្រៅពីសារៈសំខាន់ក្នុងការវាស់វែងការងារកន្លងមក និងផ្ទៀងផ្ទាត់គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ ទិន្នន័យសេដ្ឋកិច្ចឆ្នាំ២០២២នេះ ក៏ជាមូលដ្ឋានសម្រាប់ដើរទៅមុខនៅក្នុងការសម្រេចនូវផែនការយុទ្ធសាស្រ្ដជាតិ ឆ្នាំ២០២៤-២០២៨ និងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យដែលនឹងដាក់ឲ្យអនុវត្តន៍នៅឆ្នាំ២០២៤ខាងមុខនេះ។
សម្ដេចធិបតីបានបញ្ជាក់ទៀតថា ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ គឺជាកិច្ចការសំខាន់ ពិសេសគឺរាជរដ្ឋាភិបាលអាណត្តិទី៧។ កាលពីឆ្នាំ២០២២ ទិន្នន័យដែលបានប្រើទាក់ទងទៅនិងការជំរឿនអង្គភាពសេដ្ឋកិច្ច បានឃើញថា មានចំនួនកើនឡើងជិត ៥០% ពី ៥០ម៉ឺន ក្នុងឆ្នាំ២០១១ ដល់ ៧៤-៧៥ម៉ឺន អង្គភាពស្ថាប័ន។ ត្រង់ចំណុចនេះបើទោះបីមិនបានគ្របដណ្ដប់ទាំងអស់ ដោយមិនបានរាប់បញ្ចូលអ្នកប្រកបរបដោយការចល័តក្ដីតែរាជរដ្ឋាភិបាលបានប្រមូលទិន្នន័យភាគច្រើនទៅហើយទាំងអ្នកសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត




