ឯកឧត្តម វ៉ាត់ ចំរើន ៖ ជើងឯកថ្នាក់ជាតិកីឡាបាល់ទាត់លើតុ ជាការធ្វើពិពិធកម្មកីឡា

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បាន លើកឡើងថា ការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺជាការជំរុញ ក្នុងការធ្វើពិពិធកម្មកីឡាឱ្យកាន់តែសម្បូរបែប និង គុណភាពនៃវិស័យកីឡាកម្ពុជា។

នេះជាប្រសាសន៍របស់ ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងក្នុងនាម ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើក ការប្រកួតកីឡាបាល់ទាត់លើតុជ្រើសរើស ជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣ នារសៀលថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៣ ត្រូវបានខិតខំរៀបចំឱ្យកើតឡើងជាលើកដំបូង បន្ទាប់ពីប្រភេទ កីឡាថ្មី នៅកម្ពុជាមួយនេះហើយទើបនឹងផុសផុលខ្លាំងនៅលើពិភពលោក ព្រមទាំងការកកើតឡើងក្រោមការគាំទ្រពីក្រុមប្រឹក្សាកីឡា អូឡាំពិក អាស៊ី ។ ក្នុងការ ប្រកួតជើងឯកថ្នាក់ជាតិបាល់ទាត់លើតុនេះ យើងបានសម្រេចចិត្តរៀបចំ ដើម្បីរក្សានិរន្តរភាពការងារបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា។

ឯកឧត្តមប្រធានសហព័ន្ធក៏ពានលើកទឹកចិត្តដល់បណ្តាក្លឹបនានាពង្រីកសមាជិកឱ្យបានច្រើន ពីព្រោះប្រភេទកីឡានេះងាយស្រួលក្នុងការលេង តម្រូវការទីលាន ក្នុងសាលតូចល្មម និងយើងអាចរួមគ្នា ក្នុងងការអភិវឌ្ឍបាន។ ប្រភេទកីឡាបាល់ទាត់លើតុក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីយុវជន ហើយការប្រកួតប្រជែងក៏ក្លាយជាទស្សនីភាពល្អមើលប្លែកដែរ។ យើងប្តេជ្ញាអភិវឌ្ឍវិស័យកីឡាបាល់ទាត់លើតុឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា «គោលនយោបាយរបស់ជាតិ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡាបានជំរុញឱ្យមានការកែទម្រង់របៀប របបធ្វើការឱ្យមានប្រសិទ្ធភាព និងជំរុញឱ្យប្រភេទកីឡានីមួយៗប្រឹងប្រែងធ្វើ សកម្មភាព កីឡាសម្រាប់ទាំងអស់គ្នា មានន័យថា យើងប្រឹងប្រែងធ្វើឱ្យមាន សកម្មភាព កីឡាឱ្យបានច្រើន ក្នុងការពង្រីកសក្តានុពល ធ្វើពិពិធកម្មកីឡា ឱ្យកាន់តែ សម្បូរបែបលើគ្រប់វិស័យកីឡាទាំងអស់ ដោយក្នុងន័យនេះហើយ ទើបយើងទាំងអស់គ្នាកំពុងយកចិត្តទុកដាក់បន្តការអភិវឌ្ឍវិស័យកីឡា»។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែមថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានផ្តាំផ្ញើចំពោះសហព័ន្ធកីឡាបាល់ទាត់លើតុកកម្ពុជា ដែលបានរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដោយប្រភេទកីឡាប្រកួតបង្ហាញក្នុងស៊ីហ្គេមនេះ គឺជាសញ្ញាញមួយ ក្នុងការជំរុញដល់ការអភិវឌ្ឍកីឡានេះផងដែរ។

គួរបញ្ជាក់ដែរថា សម្រាប់ការប្រកួតលើកទី១នេះ មានការចូលរួមពី៩ក្លឹប-សមាគម រួមមាន៖ វិទ្យាល័យព្រះសីសុវត្ថិ, វិទ្យាល័យសម្តេច ហ៊ុនសែន-ប៊ុនរ៉ានីច្បារអំពៅ, ក្លឹបអមរៈ, ក្លឹប WE ARE DN, ក្លឹប៧មករា, ក្លឹបមិត្តភាព, ក្លឹបក្តាន់២, ក្លឹបជ័យជម្នះ និងសមាគមក្រសួងមហាផ្ទៃ។ កីឡាករ កីឡាការិនីចូលរួមមានចំនួនសរុបចំនួន ៣៧នាក់ ក្នុងនោះកីឡាករ ២៥នាក់ និងកីឡាការិនី ១២នាក់ លេងលើ៥វិញ្ញាសា ដូចជាវិញ្ញាសាឯកត្តជនបុរស-នារី, ទាត់គូបុរស-នារី និងទាត់គូចម្រុះ។ ការប្រកួតកីឡាបាល់ទាត់លើតុជើង ឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ២៦-២៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner