ក្រុមសង្គមស៊ីវិលស្នើនាយករដ្ឋមន្ត្រីថៃត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងយកទីតាំងប្រទេសថៃធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើម្បីអភិវឌ្ឍន៍ សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមអ្នកដឹកជញ្ជូនត្រីចក្រយានយន្តសន្តិភាព កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើលិខិតដាច់ដោយឡែកពីគ្នាដាក់ជូនទៅឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងឯកឧត្តម ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្នើសុំឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែក នយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។
នៅក្នុងលិខិតបានជម្រាបជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃឡង់ដ៏ថា នៅពេលថ្មីៗនេះបន្ទាប់ពី សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាពគណបក្សកាវក្លៃ ដែលបានផ្តល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយឲ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេសដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។
សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើម្បីអភិវឌ្ឍន៍ សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមអ្នកដឹកជញ្ជូនត្រីចក្រយានយន្តសន្តិភាពយល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយរំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះឡើយ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសិទ្ធិសេរីភាពយ៉ាងពេញលេញស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។
ចំពោះសកម្មភាពនយោបាយរបស់គណបក្សកាវក្លៃ ដែលបានធ្វើសកម្មភាពផ្ដល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ដើម្បីឲ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចោទប្រកាន់ទាំងបំពានថា រាជរដ្ឋាភិបាលកម្ពុជា បានរំលោភសិទ្ធិមនុស្ស និងរំលោភប្រជាធិបតេយ្យនៅកម្ពុជា។ សកម្មភាពរបស់គណបក្សកាវក្លៃ នេះហាក់បីដូចជាកំពុងធ្វើសកម្មភាពឲ្យប៉ះពាល់ដល់នយោបាយការទូតរវាងប្រទេសកម្ពុជា-ថៃឡង់ដ៏ ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយជាខ្លាំង ជាពិសេសធ្វើឲ្យប៉ះពាល់ច្បាប់ប្រទេសថៃ ដែលប្រទេសថៃ មិនអនុញ្ញាតឱ្យបរទេសណាមួយយកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលស្របច្បាប់ប្រទេសផ្សេងៗនោះទេ ពិសេសប្រទេសអាស៊ាន។
ក្នុងនាមសម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើម្បីអភិវឌ្ឍន៍ សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមអ្នកដឹកជញ្ជូនត្រីចក្រយានយន្តសន្តិភាព សង្ឃឹមថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ មេត្តាជួយពិនិត្យមើលសកម្មភាពក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស បាននឹងកំពុងយកទឹកដីថៃ ធ្វើជាមូលដ្ឋានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល កម្ពុជានៅក្នុងប្រទេសថៃក្រោមការជួយជ្រោមជ្រែងពីគណបក្សកាវក្លៃ។
សម្ព័ន្ឋភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ឋដើម្បីអភិវឌ្ឍន៍ សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមអ្នកដឹកជញ្ជូនត្រីចក្រយានយន្តសន្តិភាព សង្ឃឹមនឹងជឿជាក់ថា ឯកឧត្តម សេដ្ឋា វីស៊ីន នាយករដ្ឋមន្តី្រ និងពិនិត្យទៅលើសកម្មភាពរបស់គណបក្សកាវក្លៃឡើងវិញ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែយូរអង្វែង៕
ដោយ៖ពលជ័យ







