សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ និស្សិតកម្ពុជាសម័យសន្តិភាពចេញទៅសិក្សានៅបរទេស ដោយមោទកភាពខុសពីសម័យសង្រ្គាមគ្មានឱកាសរៀនសូត្រនោះឡើយ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីក្រោយឧត្តមសិក្សា(Australia Awards Scholarship) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី។ ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ នៅលើពិភពលោកនេះ មិនត្រឹមតែជាមោទកភាពសម្រាប់ខ្លួននិស្សិតនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាពសម្រាប់សង្គមជាតិទំាងមូល។
សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទំាងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ មានវិន័យល្អក្នុងការរស់នៅនិងសិក្សា។ បន្ថែមពីនេះត្រូវចេះគោរពស្រឡាញ់គ្នា ចេះយកអាសារជួយទុក្ខធុរៈគ្នា ចេះលើកទឹកចិត្តឱ្យគ្នាទៅវិញទៅមក ដូចពាក្យចាស់ថា “នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ”។

ជាងនេះទៀត សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាក្មួយៗនិស្សិតទំាងអស់ ជាតំណាងឱ្យជាតិខ្មែរទំាងមូលដើរតួនាទីជាអ្នកការទូតចូលរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្តភាពជាមួយប្រទេសដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមយើងជាតំណាងឱ្យខ្មែរ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេសភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនបណ្តាប្រទេសនានា មិនថាតែប្រជាជនអូស្រ្តាលីនោះទេ គឺធ្វើយ៉ាងណាដើម្បីឱ្យគេស្គាល់កម្ពុជាកាន់តែច្បាស់ យល់ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាពសង្គម ហើយកម្ពុជាបានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និងអ្នកវិនិយោគមកពីគ្រប់ទិសទីនៃពិភពលោក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថាក្មួយនិស្សិតដែលនឹងត្រូវចេញទៅសិក្សានៅប្រទេសអូស្រ្តាលីនាពេលនេះ បានត្រៀមលក្ខណៈចាកចេញទៅសិក្សាដោយមោទកភាពដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ សម្តេចបានរម្លឹក កាលពីអតីកាល ពិសេសក្នុងសម័យសម្តេចនៅជាយុវជន សម្តេចក៏បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីដែរ ប៉ុន្តែដោយសារភ្លើងសង្រ្គាមសម្តេចពុំបានចេញទៅសិក្សានៅប្រទេសអូស្រ្តាលី ក្នុងអំឡុងឆ្នាំ១៩៧៥នោះទេ។ ផ្ទុយទៅវិញ សម្តេចក៏ដូចជាប្រជាពលរដ្ឋដទៃក្នុងរបប ប៉ុល ពត ដែលត្រូវជាប់ឃុំក្នុងរបបនោះ គ្មានឱកាសបន្តការរៀនសូត្រ ដូចយុវជនក្នុងសម័យសន្តិភាពនេះទេ។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្តថាសន្តិភាពមានតម្លៃលើសអ្វីៗទំាងអស់ គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ សូម្បីឱកាសទទួលបានការសិក្សារៀនសូត្ររបស់យុវជន កុមារក៏គ្មានដែរ។ ការការពារ ថែរក្សាសន្តិភាពជាការសំខាន់ កុំចាំដល់បាត់បង់សន្តិភាពទើបនាំគ្នាសោកស្តាយ និងស្រែករកសន្តិភាពនោះ ជាការហួសពេលហើយ។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធរវាងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី ដែលមិនត្រឹមជាទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ការទូត សន្តិសុខប៉ុណ្ណោះទេ។ ប្រជាជន និងប្រជាជននៃប្រទេសទំាងពីរ ក៏បានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ មានមនោសញ្ចេតនាយ៉ាងជា្រលជ្រៅជាមួយគ្នាផងដែរ។ បន្ថែមពីនេះ សម្តេចប្រធានរដ្ឋសភា ក៏លើកឡើងពីប្រព័ន្ធដឹកនាំនៅកម្ពុជាតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ព្រមទំាងភារកិច្ច តួនាទីរបស់រដ្ឋសភាកម្ពុជា ជម្រាបជូនក្មួយៗនិស្សិតបានជ្រាបជាចំណេះដឹងផងដែរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាក្រោយពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដាកន្លងទៅ ដែលមានប្រជាពលរដ្ឋជាង៨៤% នៃចំនួនពលរដ្ឋមានឈ្មោះបោះឆ្នោត បានចេញទៅបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំប្រទេសជាតិបន្តទៀតមានចំនួនជាង៨២% ដែលជាចំនួនច្រើនលើសលប់ពុំធ្លាប់មានចាប់ពីឆ្នាំ១៩៩៣មក។ ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៧ បានដំណើរមកដល់ពេលនេះ មានរយៈតែជាង៤ខែប៉ុណ្ណោះ ប៉ុន្តែសម្រេចបានលទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានសមាជិកគណៈរដ្ឋមន្រ្តីភាគច្រើនជាយុវជន ដែលភាគច្រើនមានអាយុក្រោម៦០ឆ្នាំ បានកំពុងដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិដោយភាពស្វាហាប់ និងមុះមុតបំផុត តាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។
សម្រាប់និស្សិតដែលបានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភានៅមុនពេលចាកចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសអូស្រា្តលីនាឱកាសនេះ មានចំនួន១៨នាក់ តំណាងឱ្យនិស្សិតចំនួន៣៨នាក់ ដែលនឹងត្រូវចេញទៅសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា តាមគ្រឹះស្ថានសិក្សានានាក្នុងប្រទេសអូស្រ្តាលី។ និស្សិតជាប់អាហារូបករណ៍ទាំងអស់ មកពីស្ថាប័នផ្សេងៗគ្នា មានស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា
