ក្រុមសង្គមស៊ីវិលជាច្រើននៅកម្ពុជា ស្នើនាយករដ្ឋមន្ត្រីថៃពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ គាំទ្រចលនាប្រឆាំងនិងយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ក្រុមសង្គមស៊ីវិល សហព័ន្ធសហជីពយុវជនបញ្ញវន្ត សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីអភិវឌ្ឍន៍ សមាគមអ្នកដឹកជញ្ជូនកម្ពុជា សមាគមទេសចរណ៍ខេត្តបាត់ដំបង និងអង្គការសមាគមជាច្រើននៅកម្ពុជាបានធ្វើលិខិតដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ស្នើឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ គាំទ្រចលនាប្រឆាំងរាជរដ្ឋាភិបាលនិងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា

នៅក្នុងលិខិតរបស់ក្រុមអង្គការសង្គមស៊ីវិលបានជម្រាបជូន ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃថា នៅពេលថ្មីៗនេះ បន្ទាប់ពីបានឃើញបណ្ដាញព័ត៌មានជាតិ និងអន្តរជាតិ បានធ្វើការផ្សព្វផ្សាយបន្តចែកចាយជាច្រើន ទាំងនៅព្រះរាជាណាចក្រកម្ពុជា និងទាំងនៅព្រះរាជាណាចក្រថៃឡង់ដ៍ ជុំវិញសកម្មភាព គណបក្សកាវក្លៃ ដែលបានផ្ដល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយឱ្យធ្វើសកម្មភាពខុសច្បាប់នៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយបានចាត់ទុកសកម្មភាពរបស់គណបក្សកាវក្លៃ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ។

ក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា ស្របតាមច្បាប់ស្ដីពីកិច្ចព្រមព្រៀងទ្វេភាគី រវាងប្រទេសទាំងពីរ និងលក្ខន្តិកៈរបស់សមាគមអាស៊ាន។ ប្រទេសជាសមាជិកអាស៊ានទាំងអស់ មិនអាចជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀតនៅក្នុងសមាគមអាស៊ានបានឡើយ ជាងនេះទៅទៀត ច្បាប់នៅក្នុងអង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ផងដែរថា ប្រទេសមួយមិនអាចធ្វើនយោបាយរំលោភ ឬបំផ្លាញប្រទេសមួយដែលប្រជាពលរដ្ឋកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងសុខដុមរមនា និងប្រកបដោយសុខសន្តិភាព និងប្រជាធិបតេយ្យនោះឡើយ ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសិទ្ធិសេរីភាពយ៉ាងពេញលេញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។

ចំពោះសកម្មភាពនយោបាយរបស់គណបក្សកាវក្លៃ ដែលបានធ្វើសកម្មភាពផ្ដល់ទីកន្លែង និងជួយបណ្តុះបណ្តាលក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ដើម្បីឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចោទប្រកាន់ទាំងបំពានថា រាជរដ្ឋាភិបាលកម្ពុជា បានរំលោភសិទ្ធិមនុស្ស និងរំលោភប្រជាធិបតេយ្យនៅកម្ពុជា។ សកម្មភាពរបស់គណបក្សកាវក្លៃ នេះហាក់បីដូចជាកំពុងធ្វើសកម្មភាពឲ្យប៉ះពាល់ដល់នយោបាយការទូតរវាង ប្រទេសកម្ពុជា-ថៃឡង់ដ៏ ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ជាខ្លាំង ជាពិសេសធ្វើឱ្យប៉ះពាល់ច្បាប់ប្រទេសថៃ ដែលប្រទេសថៃ មិនអនុញ្ញាតឱ្យបរទេសណាមួយយកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលស្របច្បាប់ប្រទេសផ្សេងៗនោះទេ ពិសេសប្រទេសអាស៊ាន។

ក្រុមអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី មេត្តាជួយពិនិត្យមើលសកម្មភាពក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស បាននឹងកំពុងយកទឹកដីថៃ ធ្វើជាមូលដ្ឋានវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសថៃក្រោមការជួយជ្រោមជ្រែងពីគណបក្សកាវក្លៃ។ សង្ឃឹមនឹងជឿជាក់ថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ និងពិនិត្យទៅលើសកម្មភាពរបស់គណបក្សកាវក្លៃឡើងវិញ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែយូរអង្វែង៕
ដោយ៖ពលជ័យ

ads banner