ប្រធាន NOCC ជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់លើតុបន្ត ខិតខំហ្វឹកហាត់ ដើម្បីឈានទៅរកគុណផលកីឡាកម្រិតខ្ពស់

ភ្នំពេញ៖ ក្នុងពិធីបិទការការប្រកួតកីឡាបាល់ទាត់លើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីបាល់ទាត់លើតុទាំងអស់បន្តខិតខំហ្វឹកហាត់ឱ្យបានទៀតទាត់ និងខ្លាំងក្លាបន្ថែមទៀត ឈានទៅរកគុណផលកីឡាកម្រិតខ្ពស់ និងស្វែងរកជ័យលាភីជូនជាតិមាតុភូមិ ពិសេសត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ។

ប្រធាន NOCC បានគូសបញ្ជាក់ថា បាល់ទាត់លើតុថ្វីដ្បិតជាប្រភេទកីឡាបង្កើតឡើងថ្មីពិតមែន ប៉ុន្តែមានការរីកចម្រើនលឿន ដែលបច្ចុប្បន្នមានសមាជិកជាង ១០០ប្រទេស ដែលមានការទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បើទោះបីមិនទាន់បានបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក៏ដោយ។

ដោយឡែកកម្ពុជាបានខិតខំរៀបចំបង្កើតសហព័ន្ធកីឡាបាល់ទាត់លើតុនេះចាប់ពីឆ្នាំ២០២១ ហើយបានទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០២២។ ដោយសារសក្តានុពល និងប្រជាប្រិយភាពនៃកីឡាបាល់ទាត់លើតុបានទាក់ទាញចំណូលចិត្តយុវជន ទើបកីឡា Teqball ត្រូវបានអនុញ្ញាតឱ្យបញ្ចូលក្នុងការប្រកួត SEA Games 2023 ក្នុងនាមជា ប្រភេទកីឡាបង្ហាញ ហើយអត្តពលិកកម្ពុជាដណ្តើម បានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៣ ផងដែរ។

ឯកឧត្តម បានលើកឡើងទៀតថា បើទោះបីជាសហព័ន្ធ ទើបតែបង្កើត ឡើងថ្មី ក៏ដោយ ប៉ុន្តែសហព័ន្ធបានធ្វើសកម្មភាពជាច្រើនជាមួយនឹង រៀបចំការ ប្រកួត ជើងឯកថ្នាក់ជាតិលើកទី១ ប្រចាំឆ្នាំ២០២៣ ដែលមានក្លឹបចូលរួមចំនួន ៩ និងមានកីឡាករ ២៥រូប និងកីឡាការិនី ១២រូប សរុប ៣៧រូប ហើយបានបង្ហាញ ពីការរីកចម្រើនបន្ថែមទៀតសម្រាប់វិស័យកីឡា Teqball នៅកម្ពុជា ។

ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ និងសូមលើកទឹកចិត្តបន្តការខិតខំបន្ថែមទៀត ដើម្បីឈានទៅរកសក្តានុពលកីឡា Teqball ក្នុងតំបន់ និងលើពិភពលោក។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល២ថ្ងៃ ជាលទ្ធផលជ័យលាភីលើ ៥ វិញ្ញាសា រួមមាន៖ វិញ្ញាសាឯកត្តជននារី មេដាយដាយមាស កីឡាការិនី យ៉ន សោភ័ណ្ណរស្មី មកពីក្លឹបក្រសួងមហាផ្ទៃ មេដាយប្រាក់ កីឡាការិនី ឌី គឹមយាន ក្លឹបជ័យជម្នះ ។ វិញ្ញាសាឯកត្ដជនបុរស មេដាយមាស កីឡាករ រៀម សុខភិរម្យ មកពីក្លឹបជ័យជំនះមេដាយប្រាក់ កីឡាករ ហ៊ូ សំបូរ មកពីក្លឹបវិទ្យាល័យព្រះស៊ីសុវត្ថិ ។

ចំពោះជ័យលាភីវិញ្ញាសាទាត់គូនារី មេដាយមាស ក្លឹបក្រសួងមហាផ្ទៃ មេដាយប្រាក់ ក្លឹបជ័យជម្នះ ខ រីឯវិញ្ញាសាទាត់គូបុរស មេដាយមាស ក្លឹប We are DN មេដាយប្រាក់ ក្លឹបក្រសួងមហាផ្ទៃ ស្របពេលដែលមេដាយសំរឹទ្ធ បានទៅលើក្លឹបក្ដាន់២ ។ សម្រាប់វិញ្ញាសាទាត់គូចម្រុះ មេដាយមេដាយមាស ក្លឹបជ័យជម្នះ មេដាយប្រាក់ ក្លឹបក្រសួងមហាផ្ទៃ ៕

រូបភាព និងអត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner