សិក្ខាកាម ៥៥នាក់ ទទួលបានការបណ្តុះបណ្តាលវគ្គគ្រូបង្វឹកកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិទូកនាគ ថ្នាក់ជាតិ
បាត់ដំបង៖ សិក្ខាកាមដែលជាតំណាងរាជធានី-ខេត្ត ទាំង២៥ សរុប៥៥នាក់ ត្រូវបានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលវគ្គគ្រូបង្វឹកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ .ទូកនាគ.ថ្នាក់ជាតិ ដើម្បីទទួលបានចំណេះដឹងឲ្យកាន់តែច្បាស់យកទៅដឹកនាំនិងបង្ហាត់បង្ហាញចែករំលែកបន្តជូនដល់កីឡាករកីឡាការិនីក្នុងខេត្ត។
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅខេត្ត បាត់ដំបង ដំណើរមានរយៈពេល ៦ថ្ងៃនឹងបញ្ចប់នៅថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២៣ ទទួលការឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំយុវជននិងកីឡា ក្រោមការបង្ហាត់បង្រៀនពីគ្រូឧទ្ទេសជំនាញ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិមានដូចជា៖ លោក ស្រ៊ុនលាង លោក ណាញ ណាញ ធូ គ្រូឧទ្ទេសទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ មកពីប្រទេសមីយ៉ាន់ម៉ា និង លោកស្រី mabel គ្រូឧទ្ទេសមកពីប្រទេសមីយ៉ាន់ម៉ា។
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ .ទូកនាគ ថ្នាក់ជាតិ ដែលមានរយៈពេល៦ថ្ងៃនេះ សិក្ខាកាមទាំងអស់ត្រូវបង្ហាត់ និងពន្យល់យ៉ាងក្បោះក្បាយទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ពីគ្រូឧទ្ទេសជំនាញទាំងថ្នាក់ជាតិនិងអន្តរជាតិ។ កញ្ញា មាសតឿ អ្នកនាំពាក្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធរៀបចំឡើង ក្នុងទិសដៅពង្រីកធនធានចំណេះលើកីឡាទូកប្រពៃណីខ្នាតអន្តរជាតិឲ្យដល់បណ្តាខេត្ត ដែលជាសមាសជិក ដើម្បីឲ្យពួកគាត់ដែលជាសិក្ខាកាមទទួលបានការបណ្តុះបណ្តាលនាពេលនេះ នាំយកទៅបង្ហាត់បង្រៀនចែករំលែកដល់កីឡាករកីឡាការិនីពង្រីកនូវធនធានចំណេះដឹងជួយជំរុញឲ្យប្រភេទកីឡាមួយនេះកាន់តែមានសក្កានុពល។
អ្នកនាំពាក្យសហព័ន្ធខាងលើ បានគូសបញ្ជាក់ទៀតថា សិក្ខាកាមទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល៦ថ្ងៃនេះ សហព័ន្ធនឹងផ្តល់ឱកាសឲ្យពួកគាត់បានចូលរួមអនុវត្តដោយផ្ទាល់ ក្នុងការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ដែលប្រកួតចាប់ពីថ្ងៃ ទី ២៩ ដល់ ថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹងសង្កែ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង។
ឯកឧត្តម នាវីទោ ចាយ ស៊ីជឿន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោពលខេរភូមិន្ទ មេបញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ .ទូកនាគ.ថ្នាក់ជាតិ ដែលផ្តល់ជូន ដោយសហព័ន្ធនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ថ្នាក់ដឹកនាំកីឡាទូកតាមរាជធានីខេត្ត ព្រោះចំណេះដឹងនេះ វាជាធាតុចូមួយមិនអាចខ្វះបាន ចាំបាច់ត្រូវនាំយកទៅចែករំលែកដល់កីឡាករកីឡាការិនីនៅក្នុងក្លិបបានយល់ដឹង ដើម្បីអនុវត្តហ្វឹកហាត់បង្កើនសមត្ថភាពក្លាយជាកីឡាករកីឡាការិនីសក្កានុពលសម្រាប់កីឡាទូករបស់កម្ពុជា។
ឯកឧត្តម បានជំរុញលើកទឹកឲ្យសិក្ខាកាមទាំងអស់ខិតខំក្រេបជញ្ជាក់យកនូវចំណេះដឹងដែលផ្តល់ជូន ដោយគ្រូឧទ្ទេសថ្នាក់ជាតិនិងអន្តរជាតិ ធ្វើយ៉ាងនាំយកចំណេះជំនាញ ទទួលបានពីវគ្គនេះយកទៅអនុវត្តប្រើប្រាស់ និងចែករំលែកបន្តដោយមានប្រសិទ្ធិភាព ដើម្បីបង្កើតធនធានបន្តវេនសម្រាប់កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ឲ្យមានកាន់តែច្រើននៅតាមបណ្តារាជ ធានីខេត្ត៕ រូបសហព័ន្ធ អត្ថបទ៖ជាវ ចន្ធូ




រូបសហព័ន្ធ អត្ថបទ៖ជាវ ចន្ធូ