សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីខិតខំលើកកម្ពស់គុណភាព សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការបង្ការ និងការការពារប្រជាពលរដ្ឋតាមរយៈការបង្កើនអាហារូបត្ថម្ភ ធានានូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែកើន អាចធានាបានជាគោលដៅសំខាន់។ បើសិនជាការពារមិនបាន ត្រូវព្យាបាល ត្រូវបង្កើនសុខាភិបាលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរីកចម្រើនសុខភាពបានល្អ។ នេះជាគោលដៅធំដែលយើងបានធ្វើក្នុងរយៈពេល៤០ឆ្នាំ។ ការបញ្ជាក់របស់សម្តេចធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវប្តេជ្ញាចិត្តដើម្បីខិតខំលើកកម្ពស់ គឺគុណភាព សុខភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ នេះគឺជាអ្វីដែលជាការប្តេជ្ញាចិត្ត។ ការកសាង និងពង្រឹងនូវប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅថ្ងៃនេះ ក៏ជាផ្នែកមួយនៃការកសាង។

សម្តេចធិបតីបានបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ គឺដើម្បីសម្អាតទឹកកខ្វក់បង្ហូរចេញពីតំបន់ជម្រាលជើកឯក ដែលស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញ ហើយត្រូវបង្ហូរចូលក្នុងបឹងជើងឯក ស្ថិតនៅប៉ែកខាងត្បូងរាជធានី មុននឹងបង្ហូរចូលទន្លេបាសាក់ ជាមួយនឹងលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីប្រមាណ៣ហិកតា។
គោលបំណងសំខាន់ នៃគម្រោងនេះ គឺដើម្បីផ្តល់នូវការចម្រោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក ជាពិសេសរួមចំណែកក្នុងការការពារ និងលើកកម្ពស់គុណភាពទឹក អនាម័យ និងបរិស្ថានរស់នៅជូនដល់ប្រជាជន ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។ គម្រោងនេះ ត្រូវបានសិក្សា និងបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈទំនាក់ទំនងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ហើយនឹងក្លាយជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន” ប្រកបដោយផ្លែផ្កាយ៉ាងពិតប្រាកដ៕
ដោយ៖ពលជ័យ
រូបភាព៖ ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត












