បណ្ឌិត សេក សុជាតិ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងការបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរ
ភ្នំពេញ៖ បណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ បានថ្លែងថា លោកគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរ ហើយអាចរួមរស់បង្កើតនូវប្បធម៌មួយដែលគ្មានការសម្លាប់គ្នា ឬក៏គ្មានសំឡេងគ្រាប់កាំភ្លើងនៅក្នុងសង្គម នៅក្នុងប្រទេសកម្ពុជារបស់យើងរយៈពេលកន្លងមក។
អ្វីដែលលើកឡើងនេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយរបស់សម្តេចតេជោ ហ៊ុន សែន និងគ្រប់ភាគីខ្មែរពាក់ព័ន្ធទាំងអស់ដែលយល់ព្រម និងឯកភាពគ្នានៅក្នុងកាផ្សះផ្សាជាតិ មិនយកខ្មែរធ្វើជាសត្រូវ បង្កើតឱ្យមាននូវចក្ខុវិស័យរួម ដោយមិនចង់ឃើញខ្មែរស្រកទឹកភ្នែក ខ្មែរបង្ហូរឈាមខ្មែរបន្តទៅមុខទៀត។
នេះគឺជាគុណតម្លៃមួយដែលលោកយល់ថា ខ្មែរគួរតែរៀបចំឱ្យបានជាយូរអង្វែងសម្រាប់សង្គមរបស់យើង។ កាលណាសង្គមរបស់យើងគ្មានសង្គ្រាម យើងនឹងទទួលបាននូវការអភិវឌ្ឍមួយដ៏សមប្រកប ហើយអាចធ្វើឱ្យប្រទេសរបស់យើងរួចចាកផុតពីភាពក្រីក្រ។ បណ្ឌិត សេក សុជាតិ បានន្តថា អ្វីដែលយើងចង់ឃើញបន្តទៅទៀតនោះ គឺខ្មែរផ្សះផ្សាផ្ទៃក្នុងនយោបាយជាតិធ្វើយ៉ាងណាបើកលំហូឱ្យមានការបង្រួបបង្រួមគ្នាក្នុងនាមជាខ្មែរ ហើយចូលរួមនៅក្នុងការបោះឆ្នោតមួយប្រកបទៅដោយភាពត្រឹមត្រូវ មិនយកភាគីណាមួយជាសត្រូវ ដើម្បីដោះស្រាយបញ្ហាជាតិ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវរូបនេះ បានបញ្ជាក់ថា នយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយដែលមានសំឡេងនៅក្នុងឆាកអន្តរជាតិ៕
ដោយ៖ពលជ័យ
