បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បន្តប្តឹងគណបក្សកាវក្លៃ (Video Inside)

បណ្តាគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល បានបន្តធ្វើលិខិតរបស់ខ្លួន ទៅកាន់នាយករដ្ឋមន្ត្រីថៃ ប្តឹងគណបក្សកាវក្លៃ ដែលគេបានចោទថា កំពុងធ្វើសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

នៅថ្ងៃទី២៨ធ្នូនេះ គណបក្សខ្មែរតែមួយ និងគណបក្សនគរប្រជាធិបតេយ្យ បានធ្វើលិខិតប្តឹងគណបក្សកាវក្លៃ តាមរយៈស្ថានទូតថៃប្រចាំកម្ពុជា, គ្រាដែលបណ្តឹងតាមរយៈក្រុមអង្គការសង្គមស៊ីវិល ត្រូវគេរាយការណ៍ថាមានចំនួន១២។

គណបក្សកាវក្លៃ ត្រូវគេរាយការណ៍ថាបានផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមខ្មែរ នៅលើទឹកដីថៃ ដើម្បីឲ្យប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លិខិតបណ្តឹង បានសរសេរស្នើនាយករដ្ឋមន្ត្រីថៃសូម «ត្រួតពិនិត្យសកម្មភាពគណបក្សកាវក្លៃ ដែលបានគាំទ្រ និងបណ្តុះបណ្តាល ដល់ចលនានយោបាយខុសច្បាប់ប្រឆាំងកម្ពុជា»។

យោងតាមធម្មនុញ្ញអាស៊ាន ប្រទេសជាសមាជិកអាស៊ាន មិនអាចធ្វើសកម្មភាពជ្រែតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើសកម្មភាពណាមួយបង្កផលប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសមួយទៀត នៅក្នុងសមាគមអាស៊ានបានឡើយ។ សកម្មភាពរបស់គណបក្សកាវក្លៃត្រូវគេចាត់ទុកថា ជាអំពើជ្រៀតជ្រែកមួយលើកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជាសមាជិករបស់អាស៊ាន។

គិតចាប់តាំងពីថ្ងៃទី២៥ធ្នូមក មានគណបក្សនយោបាយខ្មែរចំនួន៩ និងក្រុមអង្គការសង្គមស៊ីវិលចំនួន១៤ហើយ ដែលបានធ្វើលិខិតផ្សេងគ្នាទៅកាន់នាយករដ្ឋមន្ត្រីថៃលោកសេដ្ឋាថាវីស៊ីន ដើម្បីចាត់អន្តរាគមន៍ ចំពោះសកម្មភាពរបស់គណបក្សកាវក្លៃនោះ។

ads banner