ប្រធានយុវជនសង្គមស៊ីវិល៖ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរត្រូវចងចាំ
ភ្នំពេញ៖ លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រខួបលើកទី២៥ នៃការបញ្ចប់ សង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងនាមជាយុវជនយល់ឃើញថា នយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរ ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ត្រូវតែតាមដានប្រវត្តិសាស្ត្ររបស់ខ្លួន។
លោកបន្តថា អ្វីដែលចង់ផ្តោតនោះ គឺក្នុងនាមជាប្រទេសមួយ តំបន់មួយដែលមានបញ្ហាសន្តិសុខសង្គម ឬក៏មានសង្គ្រាម ពិតណាស់ប្រទេសរបស់យើងមិនអាច អភិវឌ្ឍន៍បានទេ។ ជាហេតុដែលនាំឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំគោលនយោបាយឈ្នះឈ្នះ និងសមាហេណកម្មនានារបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស បង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ ស្មារតី ស្រឡាញ់ជាតិ មាតុភូមិ និងបន្តថែរក្សាស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ។
ប្រធានយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានបន្តទៀតថា អ្វីដែលយើងចង់ឃើញ ក្នុងនាមជាយុវជន ធ្វើយ៉ាងណាតាមដានប្រវត្តិសាស្ត្រ ក៏ដូចជាឱ្យតម្លៃការធ្វើកិច្ចការងារមួយដើម្បីមាតុភូមិរបស់យើង។ ចំពោះការរៀបចំខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា គឺស្របខួបលើកទី៥ នៃការកសាងវិមានឈ្នះឈ្នះ ក៏ដូចជាការរម្លឹកដឹងគុណ និងការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងជាអគ្គមគ្គុទេសសន្តិភាព។
លោក ហេង សំណាង បានបន្តថា ក្នុងនាមជាយុវជនសង្គមស៊ីវិលជំនាន់ក្រោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនីតិកាលទី៦ និងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍ធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព៕
ដោយ៖ពលជ័យ
