បេក្ខជនជាង ២០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកម្មសិក្សារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
ភ្នំពេញ៖វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារឬ NEA សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក)លើ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០២៣។កម្មវិធីនេះមានពលរដ្ឋ យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២១៧នាក់បានចូលរួមដាក់ ពាក្យ និងសម្ភាសការងារ។
ទីភ្នាក់ងារជាតិមុខរបរ និងការងារបានឱ្យដឹងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣នេះថាក្នុងកម្មវិធីនេះមានអ្នកទទួលបានលទ្ធផលល្អជាប់បឋមចំនួន ២០៣នាក់ ក្នុងកិច្ចសម្ភាសហើយនឹងត្រូវទៅសម្ភាសបន្តជាមួយ ក្រុមហ៊ុនដោយផ្ទាល់នាពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុនទាំង ៣ ដែល បានចូលរួមក្នុងវេទិកាការងារ និងកម្មសិក្សាកាលពីម្សិលមិញ នោះរួមមាន៖ ក្រុមហ៊ុន តេលា ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ HOTEL KVL។

កញ្ញា ម៉ាត់ ម៉ារី ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ន័រតុន ជំនាញគណនេយ្យ ដែលបានសម្ភាសការងារជាប់បឋម ពីក្រុមហ៊ុន Develocus Investment ផ្នែកលក់ បានលើកឡើងថា ការចូលរួម សម្ភាសនៅ NEA ចំណេញទាំងពេលវេលា និងថវិកា ហើយការងារ ក៏សម្បូរ។ ពិសេសយើងអាចសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដែល យើងស្រឡាញ់។ «នាងខ្ញុំមើលឃើញថា វាពិតជាល្អណាស់ដែល NEA រៀបចំវេទិកាការងារនេះឡើង ព្រោះជួយដល់អ្នកស្វែងរកការងារ ធ្វើ ចំណេញ ទាំងពេលវេលា និងថវិកា»។
ចំណែកកញ្ញា បាន ស្រីស ជានិស្សិតកំពុងរៀនភាសាចិន នៅវិទ្យាស្ថាន អាស៊ីអាគ្នេយ៍ ដែលបានសម្ភាសការងារជាប់បឋមនៅក្នុងក្រុមហ៊ុន តេលា ផ្នែកគិតលុយ បានអរគុណចំពោះក្រសួងការងារ ពិសេស NEA ដែលបានរៀបចំវេទិកាការងារដ៏មានតម្លៃនេះឡើង។ កញ្ញាបានបញ្ជាក់ ថា ប្រសិនបើបងប្អូន សិស្ស/និស្សិត ចង់បានព័ត៌មានពីឱកាសការងារ ឬចង់ដឹងថាក្រុមហ៊ុនណា កំពុងមានតម្រូវការជ្រើសរើសបុគ្គលិក និង ត្រូវការជំនាញអ្វីខ្លះ កុំភ្លេចតាមដានគេហទំព័រ FACEBOOK ឬ តេឡេក្រាមរបស់ NEA។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងថា សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារម្សិលមិញ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុង ព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើន ដោយ ឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។
ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕



ដោយ៖ម៉ាដេប៉ូ