ប្រធានគណបក្សខ្មែររួបរួមជាតិ៖ “បើសិនជាគ្មានគោលនយោបាយឈ្នះឈ្នះទេ សង្គ្រាមអាចនឹងមានបន្ត”
ភ្នំពេញ៖ លោកបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា សម្រាប់នយោបាយឈ្នះឈ្នះ ដែលបានបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជាឱ្យបានពេញលេញ គឺលោកគាំទ្រទាំងស្រុងចំពោះគោលនយោបាយឈ្នះឈ្នះ ដែលជាគោលនយោបាយមួយល្អ សម្រាប់ដោះស្រាយបញ្ហាមិនថាតែសង្គ្រាមទេ គឺដោះស្រាយបញ្ហាផ្សេងៗដែលមានទំនាស់ក៏បានអនុវត្តទៅតាមគោលនយោបាយឈ្នះឈ្នះ គឺថាយើងអាចដោះស្រាយបានដោយរលូនដោយសន្តិភាពជាមួយគ្នា។
លោកបណ្ឌិត ញឹក ប៊ុនឆៃ បានបញ្ជាក់ថា៖ “ខ្ញុំជឿថា បើសិនជាគ្មានគោលនយោបាយឈ្នះឈ្នះទេ សង្គ្រាមអាចនឹងមានបន្ត ការអនុវត្តនយោបាយឈ្នះឈ្នះ គឺភាគីទាំងសងខាងមានការសុខចិត្តសុខកាយទាំងអស់គ្នា សុខដុមរមនាទាំងអស់គ្នា ហើយអាចធ្វើឱ្យសង្គ្រាមវាចប់។ តែបើសិនជាមិនអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ វាអាចនៅតែមានអ្នកចាញ់ អ្នកឈ្នះ វាអាចនាំបញ្ហាអូសបន្លាយតទៅមុខទៀត”។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ “២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣” នេះ ក៏បង្ហាញពីនយោបាយឈ្នះ ឈ្នះ តេជោសែន ដែលមិនត្រឹមតែបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញប៉ុណ្ណោះទេ ប៉ុន្តែរក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រទេសជាតិប្រកប ដោយចីរភាពទៀតផង។ ជាក់ស្ដែង ប្រទេសកម្ពុជាក្រោមទង់នៃសន្តិភាពពេញលេញ និងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលក្រោមម្លប់សន្តិភាពពេញលេញរយៈពេល២៥ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀតកាន់តែមានភាពរីកចម្រើន លើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ទៀត។
បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នេះ បានដាក់ចេញនូវគោលដៅពង្រឹង និងរក្សាសន្តិភាពទៅតាមទស្សនវិជ្ជាឈ្នះ ឈ្នះ ជាមរតកដែលបានបន្សល់ទុក ហើយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានចក្ខុវិស័យដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ជាមួយគ្នានេះ ក្នុងបរិបទសម័យទំនើបទាមទារឱ្យមានការរួមចំណែកពីបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍប្រទេសជាតិ បូករួមជាមួយនឹងកម្លាំងចលករសកម្មរបស់យុវជនកម្ពុជា និងភាពចាំបាច់កំណត់ការងារអាទិភាពមួយផ្នែកលើបច្ចេកទេសឌីជីថល រួមជាមួយកិច្ចការបន្តរក្សានូវសុខសន្តិភាពសម្រាប់ប្រជាជន ប្រកបដោយភាពកត្តញ្ញូ សុខដុម និងការចូលរួម បង្កើនការងារ រក្សាតម្លាភាពសម្រាប់សង្គម ដែលបន្តនាំកម្ពុជាឱ្យមានភាពរីកចម្រើន លើគ្រប់វិស័យ និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងធំទូលាយ។
ព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យប្រវត្តិសាស្ត្រសរសេរពីវីរជន និងប្រតិបត្តិករពិតដែលបានរួមចំណែកក្នុងដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា បង្កើតសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក រួម ជាមួយប្រតិបត្តិករជាច្រើនរូបបានរួមចំណែក។ ការចូលរួមអបអរសាទរ និងរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញពីមោទនភាពជាតិថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជា និងជាកាតព្វកិច្ចមួយរួមចំណែកពីក្រសួង ស្ថាប័ន ក្នុងការបង្ហាញអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមានភាពរីកចម្រើនក្នុងសម័យកាលសន្ដិភាព ស្របតាមទិសស្លោក «មានសន្តិភាព មានការអភិវឌ្ឍ» ពោលគឺជាសមិទ្ធផលនៃការរីកចម្រើនក្រោមម្លប់នៃសន្តិភាពពេញលេញ ដើម្បីឱ្យប្រវត្តិសាស្ត្រ សរសេរ និងចារឹកពីយើងសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះ ឈ្នះ ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រតិបត្តិករ ក្នុងស្មារតីអនុវត្តប្រកប ដោយភាពជឿជាក់សែ្វងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្ដល់តម្លៃខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិតសេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមកហើយ៕
ដោយ៖ពលជ័យ