ក្រុមហ៊ុន SpaceX បាញ់បង្ហោះយានអវកាសសម្ងាត់របស់យោធាអាមេរិក ក្នុងបេសកកម្មស្រាវជ្រាវ
វ៉ាស៊ីងតោន ឌីស៊ី៖ គ្រាប់រ៉ុក្កែត Falcon Heavy របស់ក្រុមហ៊ុន SpaceX ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាស កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើម្បីបញ្ជូនយន្តហោះដ្រូន X-37B ស៊ើបការណ៍សម្ងាត់របស់យោធាអាមេរិក នៅក្នុងបេសកកម្មស្រាវជ្រាវមួយ។
បន្ទាប់ពីការពន្យារពេល អស់ជាច្រើនសប្តាហ៍ គ្រាប់រ៉ុក្កែតនេះត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋ ផ្លរីដា នៅវេលាម៉ោង ជាង៨យប់ ក្នុងការផ្សាយផ្ទាល់មួយ នៅលើគេហទំព័ររបស់ ក្រុមហ៊ុន SpaceX ។
មិនទាន់មានព័ត៌មានច្បាស់ថា តើយានអវកាសនេះនឹងឆ្ពោះទៅឯណាឲ្យពិតប្រាកដនោះទេ សម្រាប់បេសកកម្មទីប្រាំពីរ របស់ខ្លួនលើកនេះ ។ មន្ទីរបញ្ចកោណគ្រាន់តែបានចេញផ្សាយព័ត៌មានតិចតួចប៉ុណ្ណោះ អំពីយន្តហោះគ្មានមនុស្ស និងបេសកកម្មនេះ។
« បេសកកម្មទីប្រាំពីររបស់ X-37B នឹងរួមបញ្ចូល បទពិសោធន៍ទំនើបៗ ជាច្រើន រួមមានការដំណើរការយានអវកាសដែលអាចប្រើឡើងវិញបាន នៅក្នុងរបបគន្លងថ្មី ការពិសោធន៍ជាមួយបច្ចេកវិទ្យា ការយល់ដឹងអំពីដែនអវកាស នាពេលអនាគត និងការស៊ើបអង្កេតឥទ្ធិពលវិទ្យុសកម្ម លើសម្ភារៈដែលផ្តល់ដោយ NASA» នេះគឺជាអ្វីដែលការិយាល័យសមត្ថភាពរហ័សរបស់កងកម្លាំងអាកាសសហរដ្ឋអាមេរិកធ្លាប់បានអះអាង តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីខែមុន។
រីឯ ក្រុមហ៊ុន SpaceX គ្រាន់តែដកស្រង់ឈ្មោះកូដបេសកកម្មរបស់មន្ទីរបញ្ចកោណ «USSF-52» នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ស្តីពីការបាញ់បង្ហោះនេះ ដោយមិនមានការបង្ហាញព័ត៌មានលម្អិតទេ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត