២១ឆ្នាំបោលសំអាតចម្ការមីនបានទំហំ ១ពាន់ ៧៣៥គីឡូម៉ែត្រក្រឡា និងប្រមូលគ្រាប់បានជាង ៣លាន (Video Inside)
អង្គការស៊ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីនបានទំហំ ១ពាន់ ៧៣៥គីឡូម៉ែត្រក្រឡា
និងប្រមូលគ្រាប់សរុបជាង ៣លានគ្រាប់ហើយ ក្នុងរយៈពេល ២១ឆ្នាំកន្លងមក គិតត្រឹមចុងឆ្នាំ២០២៣។
គួរបញ្ជាក់ថាប្រតិបត្តិបោសសំអាតគ្រាប់មីន និងការរំដោះផ្ទៃដីនេះ បានធ្វើចាប់តាំងពីឆ្នាំ១៩៩២នោះមក។
សេចក្តីរាយការណ៍រៀបរាប់ថា ក្នុងចំណោមគ្រាប់ទាំងជាង ៣លានគ្រាប់នោះ រួមមាន មីនប្រឆាំងមនុស្សជាង ៥៨ម៉ឺនគ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន ១ម៉ឺន ១ពាន់គ្រាប់, យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២លាន ៤សែនគ្រាប់, គ្រាប់បែកទម្លាក់ពីយន្តហោះរួម និងគ្រាប់បែកចង្កោមចំនួន ១សែន ២ម៉ឺនគ្រាប់ផងដែរ។
ក្រៅពីកិច្ចការទាំងនេះ, ក្រុមដោះមីនស៊ីម៉ាក់ នៅបានចូលរួមធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋ ជុំវិញគ្រោះថ្នាក់គ្រាប់មីន និងបានផ្តល់បទពិសោធន៍ ដោះគ្រាប់មីនរបស់ខ្លួន ដល់ប្រទេសមួយចំនួនដូចជា ដល់ប្រទេសឡាវ វៀតណាម ថៃ ស្រីលង្កា អ៊ីរ៉ាក់ អង់ហ្គោឡា អ៊ុយក្រែន បណ្តាប្រទេសនៅទ្វីបអាហ្វ្រីក និងប្រទេសកូឡុំប៊ី ជាដើម។
អង្គភាពស៊ីម៉ាក់បានរាយការណ៍ថាសម្រាប់ទិសដៅឆ្នាំ២០២៤ គេបានដាក់ចេញនូវផែនការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមលើផ្ទៃដីទំហំប្រមាណ ២៨៤គីឡូម៉ែត្រក្រឡា និងផ្តល់ការអប់រំយល់ដឹងពីគ្រោះថ្នាក់មីនដល់ប្រជាជនគោលដៅប្រមាណ ២លាននាក់រួម និងផែនការស្រាវជ្រាវថ្មីឡើងវិញផងដែរ។
កម្ពុជាបានដាក់ចេញនូវផែនការសំអាតគ្រាប់មីនសេសសល់ ពីអតីតកាលសង្គ្រាមស៊ីវិល ឱ្យអស់ក្នុងឆ្នាំ២០២៥។