ការបណ្តុះបណ្តាលជំនាញ ១.៥លាននាក់ ជាយុទ្ធសាស្រ្តគន្លឹះ ប្រែក្លាយកម្ពុជា ជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលកម្រិតខ្ពស់
(ភ្នំពេញ)៖ លោកស្រី ស្រី ផង់ពុទ្ធី នាយកសាលា នៃវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែន សៀមរាប បានមានប្រសាសន៍ក្នុងបទសម្ភាសន៍មួយថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនត្រឹមតែជួយកាត់បន្ថយ ភាពក្រីក្រ និងផ្តល់ជំនាញច្បាស់លាស់ ដល់និស្សិត ប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រដ៏មុតស្រួច ដើម្បីប្រែក្លាយកម្ពុជា ទៅជា ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
លោកស្រី ស្រី ផង់ពុទ្ធី បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាកម្មវិធីមួយរួមចំណែក ធ្វើឱ្យ ប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកម្ពុជា គិតគូដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសាររងហានិភ័យ ដោយសិក្សាឥតគិតថ្លៃ និងផ្តល់ប្រាក់ឧបត្ថម្ភ។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំបានផ្តោតលើចំណេះនិងជំនាញច្បាស់លាស់ ស្របតាមលំហរនៃទីផ្សារសកល។

លោកស្រី មានប្រសាសន៍ថា កម្មវិធីរបស់រាជរដ្ឋាភិបាល ជា «មធ្យោបាយមួយ ជួយឱ្យយុវជន អាចចាប់យកជំនាញការងារ និងចូលរួមការអភិឌ្ឍន៍សង្គម សេដ្ឋកិច្ច ព្រមទាំងជាស្ពានសម្រាប់ជីវិត»។
លោកស្រី បន្ថែមថា «កាលណាមានជំនាញ ដូចមានលុយក្នុងហោប៉ាវ ម្យ៉ាងអាច យកជំនាញទៅគ្រប់ទីកន្លែង និងធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង»។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ចំនួន ១លាន ៥ សែននាក់ សិក្សាដោយឥតគិតថ្លៃ និងទទួលបាន ប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀល រយៈពេល ៤ខែ ៕






ដោយ ៖ វណ្ណលុក