វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ទទួលបានសិស្សជាង ៣០០នាក់ សម្រាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដំបូង
(ភ្នំពេញ)៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន៣១៥នាក់ និងជំនាញចំនួន១១ នឹងត្រូវបើកវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលជាផ្លូវការ នៅថ្ងៃទី១៥ មករា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមលោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ។
លោក កែម ជាក់នី បន្តថា ជំនាញចំនួន ១១ ដែលយុវជនបានមកចុះឈ្មោះចូលរៀននោះមាន ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលទូរស័ព្ទ ការថែទាំបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ការរចនាក្រាហ្វិកកុំព្យូទ័រ សេវាកម្មកុំព្យូទ័រ ការដាំ និងប្រមូលផលដំណាំស្វាយ និងការកែច្នៃបន្លែ និងផ្លែឈើ ។

លោកបន្ថែមថា ជំនាញទាំង១១នេះ សុទ្ធសឹងជាជំនាញ ដែលមានតម្រូវការខ្ពស់ ទីផ្សារការងារល្អ ដែលសិក្ខាកាមរៀនចប់ អាចមានប្រាក់ចំណូលសមរម្យសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេផងដែរ។ ហើយការចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្តុះបណ្តាលដែលពោពេញទៅដោយសមត្ថិភាពផងដែរ ។
គូរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ដែលការបណ្តុះបណ្តាលនេះ មានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ផងដែរ ៕



ដោយ ៖ វណ្ណលុក