យើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃមហាជ័យជន្នះ ៧ មករា ឆ្នាំ១៩៧៩
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ បានគូសបញ្ជាក់ថា យើងមានសុខសន្តិភាពពេញលេញ និងមានការ អភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃមហាជ័យជន្នះ ៧ មករា ឆ្នាំ១៩៧៩ ដែលមានកងទ័ពរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន, សម្ដេចមហាពញាចក្រី ហេង សំរិន និងសម្ដេចមហាធម្មពោធិ៍សាល ជា ស៊ីម បានសហការជាមួយកងទ័ពស្ម័គ្រចិត្ត វៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត នឹងបានការពារទប់ស្កាត់ របបប្រល័យពូជសាសន៍នេះមិនឲ្យវិលត្រឡប់មកវិញបាន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងដូច្នេះនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២០៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ និងបណ្ដាការិយាល័យស្ថាប័ន ពាក់ព័ន្ធ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ដើម្បីពិភាក្សារៀបចំការ ប្រារព្ធទិវាបុណ្យជាតិ ៧មករា ខួបលើកទី៤៥ (ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថ្ងៃ៧ មករា ឆ្នាំ២០២៤) ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមថា ឆ្នាំនេះយើងប្រារព្ធពិធីនៃទិវា បុណ្យជាតិ ខួបលើកទី៤៥ ឆ្នាំ ថ្ងៃមហាជ័យជំន្នះ ៧មករានេះ ឱ្យមានភាពអធិកអធម ដោយត្រូវរៀបចំនៅបីទីតាំងដាច់ដោយឡែកពីគ្នា ទីមួយ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវចូលរួមប្រារព្ធពិធីជាមួយថ្នាក់ជាតិ និងរដ្ឋបាលខេត្ត រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងតំណាងប្រជាពលរដ្ឋនៅទូទាំងខេត្ត នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ ទីពីរ យើងត្រូវប្រារព្ធពិធីនៅថ្នាក់ឃុំ ទាំងពីរឃុំ ដែលយើងជាក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលខុសត្រូវ នៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៤ និងទីបី ត្រូវបានប្រុងប្រៀបរៀបចំដំណើរការនៅវិមានរំលឹកគុណ អតីតយុទ្ធជនពលី របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានប្រគល់ភារកិច្ចឲ្យតាមបណ្ដាស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំកិច្ចការងារនេះ តាមភារកិច្ចរៀងៗខ្លួន ឲ្យទទួលបានជោគជ័យ។ ជាមួយនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព និងកងកម្លាំងទាំងអស់ ត្រូវសហការឲ្យបានល្អ ជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសខួបលើកទី ៤៥ឆ្នាំ នៃទិវាបុណ្យជាតិ ៧មករា ឆ្នាំ២០២៤ នេះឲ្យទទួលបានជោគជ័យ ៕


ដោយ ៖ ប៊ុន រដ្ឋា