ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបចាត់ទុកដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទ្វីបអឺរ៉ុប គឺជានិមិត្តរូបសន្តិភាព (Video Inside)

ពលរដ្ឋនិងនិស្សិតខ្មែររស់នៅក្នុងបណ្តាប្រទេសនៃទ្វីបអឺរ៉ុប បានចាត់ទុកដំណើរធ្វើទស្សនកិច្ចលើកដំបូង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាយករដ្ឋមន្ត្រី មកកាន់ទ្វីបអឺរ៉ុបនាប៉ុន្មានថ្ងៃខាងមុខនេះ គឺជានិមិត្តរូបសន្តិភាពរបស់កម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងសាធារណរដ្ឋបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅប្រទេសស្វីស។

ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង នឹងធ្វើរវាងពីថ្ងៃទី១៨ដល់១៩មករា។ សម្តេចធិបតីនឹងជួបសវនាការជាមួយលោក អេម៉ានូអែល ម៉ាក្រុង នៅក្នុងវិមានប្រធានាធិបតី Élysée។

ក្នុងដំណើរទស្សនកិច្ចក្នុងទ្វីបអឺរ៉ុបនោះ សម្តេចធិបតី និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសស្វីសរវាងពីថ្ងៃទី១៥ ដល់ដល់១៩មករា និងសម្តេចធិបតី នឹងមានគំរោងជួបជាមួយប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសថែមទៀត។ ប្រជាពលរដ្ឋខ្មែរ បានសម្តែងក្តីរំភើប និងបញ្ជាក់ពីការរង់ចាំទទួលស្វាគមន៍។

ដំណើរចាកចេញរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវគេរាយការណ៍ថា គ្រោងនឹងធ្វើនៅមុនថ្ងៃទី១៥មករា។ ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង ក្នុងសារលិខិតអញ្ជើញរបស់លោក ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានសរសេរបញ្ជាក់ក្តីរំពឹងចង់ជួបនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា «ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះ បើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលយើងកំពុងប្រឈមមុខជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល»។

ads banner