ក្រសួងធនធានទឹកប្រាប់ពលរដ្ឋនៅតំបន់មួយ ក្នុងខេត្តកំពង់ឆ្នាំង មិនត្រូវធ្វើស្រែប្រាំងដោយសារករណីចំណោទទឹក (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាកសិករទាំងអស់ ត្រូវផ្អាកការបង្កបង្កើនផលស្រូវប្រាំងមួយកន្លែង ស្ថិតនៅក្នុងតំបន់ប្រព័ន្ធធារាសាស្រ្ត «អាចាំង និងផ្នែកខាងលើ នៃដងស្ទឹងជ្រៃបាក់» ខេត្តកំពង់ឆ្នាំង។

សេចក្តីជូនដំណឹងថ្ងៃទី៤មករាឆ្នាំ២០២៤ បានប្រាប់ពលរដ្ឋថា ធារទឹកនៅទីនោះមានកម្រិត របស់វាដែលមិនអាចផ្តល់ឱ្យក្នុងតំបន់ ដែលមានផ្ទៃដីធ្វើស្រែវស្សាហើយ នឹងបន្តធ្វើស្រែប្រាំងបានទៀតទេ។ ក្រសួងធនធានទឹកថ្លែងថា «ជារៀងរាល់ឆ្នាំបរិមាណទឹកមានសម្រាប់តែផ្ទៃដីស្រែប្រាំងតិចតួចតែប៉ុណ្ណោះ»។

ក្រសួងធនធានទឹកបានប្រាប់ពលរដ្ឋថា «ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផល ស្រូវប្រាំងទៀតនោះ គឺអាចនឹងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃផង, ខ្វះទឹក សម្រាប់សត្វពាហនៈផង និងខាតបង់ថវិការបស់បងប្អូនប្រជាកសិករថែមទៀតជាមិនខាន»។

ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា «ក្នុងករណីបងប្អួនប្រជាកសិករនៅតែបន្តធ្វើស្រែប្រាំង ក្នុងចំនួនដ៏ច្រើនលើសពីបរិមាណទឹកនោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង មិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពស្រូវប្រាំងនោះឡើយ»។

សេចក្តីជូនដំណឹងប្រាប់ពលរដ្ឋនូវការប្រមើលឃើញភាពខ្វះទឹកនេះទៀត បានធ្វើឡើងនៅទន្ទឹមការព្យាករថាបាតុភូតកម្តៅអែលនីញ៉ូ នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជា និងនៅប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍សាជាថ្មីវិញ ក្នុងឆ្នាំ២០២៤នេះ។

ads banner