ក្រសួងសុខាភិបាលរិះគន់បុគ្គលជិះម៉ួតូនាំមុខរថយន្តឡានពេទ្យ (Video Inside)

ក្រសួងសុខាភិបាលបានរិះគន់ចំពោះទង្វើរបស់បុគ្គលជិះម៉ូតូនាំមុខរថយន្តឡានពេទ្យ ដោយចាត់ទុកថាជាសកម្មភាពខុសច្បាប់។

ការរិះគន់នេះ បានធ្វើក្នុងសេចក្តីជូនដំណឹងមួយ នាថ្ងៃទី៥មករា ដោយបញ្ជាក់ថា «សព្វថ្ងៃនេះមានមនុស្សមួយចំនួនតូច បានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាសកម្មភាពបង្កឱ្យមានរូបភាពអវិជ្ជមាន នូវភាពអនាធិបតេយ្យ នៅលើដងផ្លូវសាធារណៈ ភាពប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល»។

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តថា «ចំពោះសកម្មភាពខុសច្បាប់ ដែលមនុស្សមួយ ចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា, ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋមផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ»។

មន្ទីរសុខាភិបាល បានចាត់ទុកសកម្មភាពនោះ «ជាសកម្មភាពខុសច្បាប់, បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គលមួយចំនួនតូចនេះ គ្មានវិជ្ជាជីវៈវេជ្ជសាស្ត្រត្រឹមត្រូវ»។

មន្ទីរសុខាភិបាលរាជធានីភ្នំពេញស្នើរកការលុបបំបាត់នូវសកម្មភាពនោះ និងបានស្នើដល់ក្រសួងសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការឃាត់ខ្លួនបុគ្គល ដែលធ្វើសកម្មភាពខាងលើនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ads banner