មេដឹកនាំក្រុម Hezbollah ព្រមានសងសឹកអ៊ីស្រាអែល
បេរូត៖ មេដឹកនាំក្រុម Hezbollah នៅលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅថ្ងៃសុក្រសប្តាហ៍នេះ ព្រមានចំៗទៅកាន់អ៊ីស្រាអែលថា ខ្លួននឹងសងសឹកយ៉ាងឆាប់រហ័សនៅលើសមរភូមិ ដើម្បីឆ្លើយតបនឹងការសម្លាប់មេដឹកនាំរងរបស់ក្រុមហាម៉ាស លោក Saleh al-Aruri ក្នុងបន្ទាយដ៏រឹងមាំមួយនៅទីក្រុងបេរូត។
មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានអះអាងនៅក្នុងសន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍ថា ការសងសឹកនឹងកើតឡើងដោយជៀសមិនរួច… យើងមិនអាចអោបដៃនៅស្ងៀម ឈរមើលការរំលោភបំពានបែបនេះទេ ពីព្រោះទង្វើនោះ ប្រៀបបាននឹងការប្រមាថប្រទេសលីបង់ទាំងមូល។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធសប្តាហ៍នេះ លោក Nasrallah ក៏បានព្រមានអ៊ីស្រាអែលផងដែរ ប្រឆាំងនឹងការធ្វើសង្រ្គាមជាមួយប្រទេសលីបង់ ដោយគំរាមធ្ងន់ៗថា ការឆ្លើយតបរបស់ក្រុមខ្លួននឹង “គ្មានដែនកំណត់”។ ក្រុម Hezbollah និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាសត្រូវរបស់អ៊ីស្រាអែល បានបើកការវាយលុកគ្នាទៅវិញទៅមកស្ទើររាល់ថ្ងៃនៅតាមព្រំដែនរបស់ពួកគេ ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ប៉ុន្តែការសម្លាប់មេដឹកនាំរងក្រុមហាម៉ាស លោក Saleh al-Aruri បានបង្កការភ័យខ្លាច ពីការផ្ទុះជម្លោះកាន់តែធំឡើង។
បើតាមលោក Nasrallah ចាប់តាំងពីការសម្លាប់លោក Aruri នៅទីក្រុងបេរូត ក្រុមសកម្មប្រយុទ្ធនេះ បានអនុវត្តប្រតិបត្តិការវាយលុកប្រហែល ៦៧០លើក ដោយកំណត់គោលដៅលើទីតាំងព្រំដែនអ៊ីស្រាអែលចំនួន ៤៨ និងទីតាំងផ្សេងទៀតចំនួន ១១។
ការវាយប្រហារឆ្លងព្រំដែនជិត ៣ខែនេះ ធ្វើឱ្យមនុស្ស ១៧៥នាក់នៅប្រទេសលីបង់បានស្លាប់ រួមទាំងអ្នកប្រយុទ្ធ Hezbollah ចំនួន ១២៩នាក់ ប៉ុន្តែក៏មានជនស៊ីវិលជាង ២០នាក់ រួមទាំងអ្នកកាសែត ៣នាក់ទៀតបាត់បង់ជីវិតផងដែរ នេះបើយោងតាមការបូកសរុបតួលេខរបស់កាសែត AFP ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា




