ខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩៖ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ សម្តែងនូវការដឹងគុណចំពោះគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់ ៧មករា ឆ្នាំ២០២៤ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ក្នុងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបើកឡើងនូវទំព័រសករាជថ្មីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ថ្នាក់ដឹកនាំគណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ បានសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះចំពោះគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកម្មជាប្រវត្តិសាស្រ្តប្រកបដោយជោគជ័យដ៏ត្រចេះត្រចង់ក្នុងការរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា សម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលជាបន្តបន្ទាប់ដោយរក្សាបាននូវ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខជានិច្ច។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំនៃគណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ សូមសម្តែងនូវភក្តីភាព អបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា និងសូមប្តេជ្ញារក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គទេសក៍ឯក បិតាសន្តិភាពឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍៕
ដោយ៖ពលជ័យ

ads banner