គណបក្សធម្មាធិបតេយ្យអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបបនប្រល័យពូជសាសន៍
គណបក្សធម្មាធិបតេយ្យ បានធ្វើលិខិចូលរួមអបអរសាទរយ៉ាងក្លៀវក្លាប្រកបដោយសេចក្តីសោមនស្សរីករាយជាអនេកចំពោះ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ដែលជាទិវាមហាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ខៀវ សំផន, អៀង សារី គឺជាថ្ងៃសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ បញ្ចប់សម័យកាលដ៏ខ្មៅងងឹត ហើយបើកឡើងនូវទំព័រសករាជថ្មី គឺសករាជឯក រាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
គណបក្សធម្មាធិបតេយ្យ ក្នុងឱកាសដ៏ថ្លៃថ្លានេះ សូមសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះចំពោះគំរូវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដែលបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ក្នុងការរំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។
រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមកបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលជា បន្តបន្ទាប់ដោយរក្សាបាននូវស្ថិរភាពនយោបាយ សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ និងការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនទៅមុខជានិច្ច។
គណបក្សធម្មាធិបតេយ្យ បានសម្ដែងនូវភក្ដីភាពអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា និងសូមប្ដេជ្ញាចូលរួមរក្សាការពារនូវសមិទ្ធផលដែលជាស្នាដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក អគ្គមគ្គុទ្ទេសក៍ឯក បិតាសន្តិភាពឱ្យបានគង់ឋិតថេរចិរកាលតទៅ៕
ដោយ៖ពលជ័យ
