សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅបំផុត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា ទោះបីពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំហើយក្ដី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងបានជួបប្រទះពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៨។ គួររំឭកថារដ្ឋប្រហារ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេសបានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅបំផុត ដែលបានបំផ្លាញខឿនសេដ្ឋកិច្ច សង្គម ឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់ប្រជាជនកម្ពុជាអស់ជិត១លាននាក់។

សម្តេចតេជោបានបន្តថា ជាមួយនឹងការដួលរំលំនៃរបបសាធារណរដ្ឋខ្មែររបស់ពួក លន់ នល់ នាថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាសង្ឃឹមថា នឹងបានរស់នៅក្នុងឯករាជ្យ សន្តិភាព សេរីភាព ហើយរួមគ្នាកសាងទឹកដីឡើងវិញ ប៉ុន្តែក្តីសង្ឃឹមនេះត្រូវរលាយសូន្យតែមួយប៉ព្រិចភ្នែក អាស្រ័យដោយពួកប៉ុល ពត ដែលដណ្ដើមបានអំណាចទាំងស្រុង បានអនុវត្តនយោបាយប្រល័យពូជសាសន៍ដ៏ឃោរឃៅបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក៏ដូចប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត កម្ពុជា ត្រូវបានប្រែក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន។ រចនាសម្ព័ន្ធសង្គមជាតិដែលទទួលរងវិនាសកម្មធ្ងន់ធ្ងរដោយសារសង្គ្រាម៥ឆ្នាំរួចមកហើយនោះ ត្រូវបំផ្លាញឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់, សិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនត្រូវបានបំបាត់ចោលទាំងស្រុង ប្រជាជនក្លាយជាទាសករ ទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងត្រូវកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។ ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនជាង៣លាននាក់ ត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត រីឯអ្នកនៅរស់ក៏រង់ចាំតែដល់វេនត្រូវគេយកទៅសម្លាប់ដែរ។ ប្រាកដណាស់ថារបបប៉ុល ពត បានរុញច្រានមាតុភូមិ និងប្រជាជាតិខ្មែរឱ្យស្ថិតនៅមាត់រណ្តៅនៃគ្រោះរលាយសូន្យ ប្រសិនបើគ្មានការជួយសង្គ្រោះឱ្យទាន់ពេលទេនោះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកសេ្នហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជាដែលនៅសេសសល់ពីការកាប់សម្លាប់ បានផ្តាច់ខ្លួនចេញពីរបបប៉ុល ពត ដើម្បីធ្វើការតស៊ូសង្គ្រោះជាតិពីរបបដ៏យង់ឃ្នងនេះ។ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ សម្តេចបានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ និងបានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨, នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ព និងប្រជាជនទូទាំងភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនឹងរបបប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ព្រមទាំងកម្លាំងតស៊ូប្រឆាំង ប៉ុល ពត ៣ភាគីទៀត។ ការរួបរួមនៃកម្លាំងទាំង៥ភាគីនេះ បានផ្តល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស និងទទួលបានការជួយឧបត្ថម្ភយ៉ាងធំធេង ទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា «ថ្ងៃកំណើតទី២របស់ខ្លួន»៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ

ads banner