សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ប្រទេសជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សា ពូនជ្រំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
សម្តេចតេជោបានបន្តថា តាមរយៈបណ្ដាសមិទ្ធផលជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានទាំងអស់នេះ បានបង្ហាញច្បាស់ថា កម្ពុជាបាននិងកំពុងឈានទៅមុខតាមមាគ៌ាមួយដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយនឹងសភាពការណ៍ជាក់ស្ដែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ ព្រមជាមួយនោះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន កម្មករ កសិករ អាជីវករ ព្រះសង្ឈ បព្វជិតនៃសាសនានានា បញ្ញវន្ដ វិនិយោគិន និងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងឡាយក្នុងសង្គម ប្រកបដោយមនសិការស្នេហាជាតិយ៉ាងជ្រាលជ្រៅ ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ។ ជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជាយើងនៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ស្មារតី៧មករា ចារឹកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើងពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ។ ស្មារតី៧ មករា មានគុណតម្លៃធំធេងជាអមតៈ សម្រាប់ប្រជាជនយើង ក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ព្រមជាមួយនោះ យើងទាំងអស់គ្នាក៏ត្រូវយល់ឱ្យបានច្បាស់ថា បើគ្មានសន្តិភាពក៏មិនអាចមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះដែរ។ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី។ ក្នុងជំហរដ៏មុតមាំនេះ គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរ និងគាំទ្រទាំងស្រុងនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃឈប់សម្រាកសាធារណៈ៕
ដោយ៖ពលជ័យ