សម្តេចតេជោ ហ៊ុន សែន៖ ឆ្លងកាត់រយៈពេល៤៥ឆ្នាំមកនេះ ប្រជាជនបានឃើញច្បាស់ហើយនូវសារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេល៤៥ឆ្នាំមកនេះ ប្រជាជនបានឃើញច្បាស់ហើយនូវសារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សជាតំណាងនៃផលប្រយោជន៍ដ៏បរិសុទ្ធរបស់ប្រជាជនទាំងមូល គណបក្សបានផ្សារភ្ជាប់រួមសុខរួមទុក្ខ ជានិច្ចជាមួយប្រជាជន បានដឹកនាំប្រជាជនពុះពារឆ្លងកាត់រាល់ឧបសគ្គ និងការលំបាកទាំងឡាយប្រកបដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រាកដណាស់ថា បំណងប្រាថ្នារបស់យើងនៅពុំទាន់សម្រេចបានទាំងស្រុងឡើយ យើងត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដើម្បីកសាងមាតុភូមិជាទីស្រឡាញ់នៃយើងឱ្យក្លាយជាប្រទេសមួយដ៏ជឿនលឿន ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្ដីស្រឡាញ់ ដែលគ្មានការកើតមានជាថ្មីទៀតនូវការបែកបាក់ជាតិ សង្គ្រាម និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល។ ប៉ុន្តែពេលវេលាបានសាកល្បងឆន្ទៈ និងសមត្ថភាពយើងរួចហើយ យើងពិតជានឹងអាចសម្រេចបាននូវគោលបំណងដ៏ឧត្តុង្គឧត្តមនេះ ឱ្យតែយើងរក្សាបាននូវសាមគ្គីភាពជាតិដ៏រឹងមាំ មានការប្ដេជ្ញាចិត្តក្នុងភាពជាម្ចាស់ និងមានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងស្មារតីនេះ យើងមានការជឿជាក់ចំពោះជួរយុវជនដ៏ច្រើនកុះកររបស់យើងដែលកំពុងមានការរីកចម្រើន ទាំងខាងចំណេះដឹង សីលធម៌ និងកាយសម្បទា ហើយកំពុងបំពេញកិច្ចរបស់ខ្លួនយ៉ាងស្វាហាប់ប្រកបដោយមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅ ក្នុងនាមជាអ្នកបន្តវេនក្ដាប់ជោគវាសនាអនាគតរបស់ជាតិ៕
ដោយ៖ពលជ័យ

