ឯកឧត្តម សុខ សូកេន ៖ និស្សិតអាហារូបករណ៍បរទេស គឺជាទូតផ្សព្វផ្សាយ ពីវប្បធម៌ អរិយធម៌ និង ទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ
(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យសិស្សនិស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ថ្នាក់បណ្ឌិត និងអនុបណ្ឌិតចំនួន ៣៥រូប ជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ណែនាំគន្លឹះពីវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីត្រៀមខ្លួនទៅសិក្សា នៅប្រទេសនូវែលសេឡង់ចាប់ពីចុងខែមករា ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរសារទរចំពោះសិស្សនិស្សិតជ័យលាភីទាំង ៣៥រូប ដែលទទួលបានអាហារករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ទៅសិក្សានៅប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិស្សនិស្សិតទាំងអស់នឹងក្លាយជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ ដូច្នេះសិស្សនិស្សិតទាំងអស់ត្រូវមានទំនាក់ទំនល្អ អត្តរចរឹកស្លូតបូត និងរួសរាយរាក់ទាក់ និងចូលរួមថែរក្សាវប្បធម៌-ប្រពៃណី និងមោទនភាពជាខ្មែរអំឡុងពេលស្នាក់នៅ និងសិក្សានៅប្រទេសនូវែលសេឡង់ ជាពិសេសផ្សព្វផ្សាយមោទកភាពជាប្រជាជនខ្មែរ “ប្រទេសតូច បេះដូងទូលាយ” និងនាំសារល្អៗពីកម្ពុជាលើឆាកអន្តរជាតិ ។

លោក អ៊ី ឆាលី តំណាងនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ណែនាំល្អៗ និងមានតម្លៃដល់សិស្សនិស្សិតជ័យលាភីទាំងអស់ អំពីព័ត៌មាន និងនិន្នាការវិវត្តន៍ថ្មីៗ នៃវិស័យទេសចរណ៍កម្ពុជា ដើម្បីឲ្យសិស្សនិស្សិតជួយផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាអំឡុងពេលសិក្សា និងស្នាក់ប្រទេសនូវែលសេឡង់ផងដែរ។
សូមបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលនូវែលសេឡង់បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុបចំនួនជាង ៤០០កន្លែង ឲ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានានៅប្រទេសនូវែលសេឡង់ ដែលជាសិស្សនិស្សិតមានសមាសភាពមកពីក្រសួងស្ថាប័នរបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល ៕




ចាន់ វិចិត្រ