តម្លៃប្រេងហក់ឡើង ចំពេលផ្ទុះជម្លោះនៅតំបន់សមុទ្រក្រហម
ឡុងដ៍៖ តម្លៃប្រេងបានកើនឡើង ៤ភាគរយ ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីកងកម្លាំងអាមេរិក និងអង់គ្លេស បើកវាយប្រហារប្រឆាំងនឹងពួកឧទ្ទាមហ៊ូទីនៅយេមែន ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក បន្ទាប់ពីក្រុមនេះវាយប្រហារលើនាវានៅសមុទ្រក្រហម ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីជម្លោះកាន់តែរីកធំឡើងក្នុងតំបន់សម្បូរប្រេងឆៅ។
ដោយសារតែការប្រយុទ្ធសងសឹកគ្នារវាងសម្ព័ន្ធមិត្តលោកខាងលិចជាមួយក្រុមហ៊ូទី និងភាពតានតឹងក្នុងតំបន់សមុទ្រក្រហម ធ្វើឲ្យតម្លៃប្រេងសកលលោកហក់ឡើងមួយរំពេច។ ជាក់ស្តែង ប្រេងឆៅម៉ាក Brent បានកើនឡើង ៤ភាគរយ ស្មើនឹង ៨០.៥១ដុល្លារក្នុងមួយបារ៉ែល រីឯប្រេងឆៅម៉ាក West Texas Intermediate (WTI) កើនឡើង ៤ភាគរយដែរ ស្មើនឹង៧៣.៥៥ដុល្លារក្នុងមួយបារ៉ែល។
ក្នុងថ្ងៃសុក្រសប្ដាហ៍នេះ សហរដ្ឋអាមេរិក និងអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសយេម៉ែន ដោយកំណត់គោលដៅមូលដ្ឋានរ៉ាដា មីស៊ីល និងយន្ដហោះដ្រូនរបស់ក្រុមហ៊ូទី ដោយអះអាងថា ធ្វើឡើងដើម្បីកាត់បន្ថយសមត្ថភាពវាយប្រហាររបស់ពួកគេ លើកប៉ាល់ដឹកទំនិញអន្តរជាតិ។
ជាការឆ្លើយតប ក្រុមឧទ្ទាមហ៊ូទីបានប្តេជ្ញាសងសឹកយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអង់គ្លេស នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។
ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធលើនាវាពាណិជ្ជករនៅសមុទ្រក្រហម នាំឱ្យបរិមាណនៃការដឹកជញ្ជូនទំនិញនៅក្នុងតំបន់ធ្លាក់ចុះ និងធ្វើឲ្យពាណិជ្ជកម្មសកលបានធ្លាក់ចុះ ១,៣ ភាគរយចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៣។ អ្នកវិភាគយល់ឃើញថា ការធ្លាក់ចុះនៃតម្រូវការ ភាពចលាចលនៅមជ្ឈិមបូព៌ា និងការឡើងចុះនៃតម្លៃ បានធ្វើឱ្យអ្នកផលិត អ្នកប្រើប្រាស់ និងអ្នកចូលរួមក្នុងទីផ្សាររឹតតែព្រួយបារម្ភចំពោះតម្លៃប្រេង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





