យោធាចិនព្រមានថា នឹងកម្ទេចរាល់ការប៉ន់ប៉ងឯករាជ្យរបស់តៃវ៉ាន់ខណៈកោះនេះចាប់ផ្តើមបោះឆ្នោតរើសមេដឹកនាំថ្មី

ប៉េកាំង៖ យោធារបស់ប្រទេសចិន ក្នុងថ្ងៃសុក្រសប្តាហ៍នេះ ប្តេជ្ញាថា នឹងកម្ទេចរាល់កិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីលើកកម្ពស់ឯករាជ្យភាពរបស់តៃវ៉ាន់ មួយថ្ងៃមុនពេលការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅកោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពរំដោះប្រជាជនចិនកំពុងរក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីកម្ទេចការប៉ុនប៉ងទាមទារឯករាជ្យរបស់តៃវ៉ាន់ រាល់គ្រប់រូបភាព។

បន្ថែមលើនេះ លោក Zhang ក៏បានចោទប្រកាន់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ថា បានរុញកោះនេះ ឆ្ពោះទៅរកលក្ខខណ្ឌដ៏គ្រោះថ្នាក់នៃសង្គ្រាម តាមរយៈការទិញសព្វាវុធពីសហរដ្ឋអាមេរិក។

ការព្រមានរបស់យោធាចិនខាងលើនេះ កើតមានឡើងចំពេលដែលកោះតៃវ៉ាន់ចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី និងសភា នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤នេះ។

លោក Lai Ching-te មកពីគណបក្សកាន់អំណាចតៃវ៉ាន់ គឺគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) គឺជាមនុស្សម្នាក់ដែលចង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ ដូច្នេះប្រសិនបើលោក Lai ជាប់ឆ្នោត នោះលោកអាចនឹងជំរុញសកម្មភាពនេះ។

ហើយកាលពីដើមសប្ដាហ៍នេះ លោក Lai បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកនឹងរក្សា «ស្ថានភាពដើម» នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជានឹងលើកកម្ពស់សន្តិភាព ប្រសិនបើជាប់ឆ្នោតជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ព្រមទាំងបើកចំហកិច្ចពិភាក្សាជាមួយទីក្រុងប៉េកាំង ផ្អែកលើគោលការណ៍ស្មើភាព និងសេចក្ដីថ្លៃថ្នូរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner