ចិនថា ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ ជារឿងជៀសមិនរួច
ប៉េកាំង៖ ប្រទេសចិនបញ្ជាក់ថា ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ នៅតែជារឿងជៀសមិនរួច បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់ លោក Lai Ching-te ឈ្នះការបោះឆ្នោតសកល ក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ។
អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន លោក Chen Binhua បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតនៅតៃវ៉ាន់ នឹងមិនអាចរារាំងនិន្នាការ ដែលមិនអាចជៀសបាន ក្នុងការបង្រួបបង្រួមរបស់ប្រទេសចិនឡើយ។ លោក Chen បន្តថា លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ មិនអាចតំណាងឱ្យមតិសាធារណៈជនទូទៅនៅលើកោះនេះបានទេ។
លោក Chen បន្ថែមថា ការបោះឆ្នោតនេះ នឹងមិនផ្លាស់ប្តូរទិដ្ឋភាពជាមូលដ្ឋាន និងនិន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងឆ្លងច្រកសមុទ្រទេ ហើយថា គោលជំហររបស់ទីក្រុងប៉េកាំង ស្តីពីការសម្រេចបាននូវការបង្រួបបង្រួមជាតិឡើងវិញនៅតែស្ថិតស្ថេរ ហើយការប្តេជ្ញាចិត្តរបស់យើងគឺរឹងមាំដូចថ្ម។ លោក Chen បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងប្រឆាំងដាច់ខាត ចំពោះសកម្មភាពបំបែកខ្លួន ដែលមានគោលបំណងប្រកាសឯករាជ្យភាពរបស់តៃវ៉ាន់ ព្រមទាំងការជ្រៀតជ្រែកពីបរទេស។
គួរបញ្ជាក់ថា លទ្ធផលបោះឆ្នោតសកល នៅថ្ងៃទី១៣ ខែមករានេះ បង្ហាញថា លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែលជាបក្សកាន់អំណាចតៃវ៉ាន់សព្វថ្ងៃ គឺជាអ្នកទទួលបានជ័យជម្នះ ខណៈគូប្រជែងរបស់លោកមកពីគណបក្សប្រឆាំងទាំង២ បានទទួលស្គាល់បរាជ័យ នៅចំពោះមុខក្រុមអ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន។
តាមលទ្ធផលបោះឆ្នោតរាប់បាន ៩៨ភាគរយ ចេញពីការិយាល័យបោះឆ្នោតនៅទូទាំងកោះតៃវ៉ាន់ លោក Lai Ching-te ទទួលបានសំឡេងគាំទ្រ ៤០.២ភាគរយ រីឯលោក Hou Yu-ih មកពី គណបក្សប្រឆាំង Kuomintang KMT ទទួលបានសំឡេងគាំទ្រ ៣៣.៤ភាគរយ ហើយលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ទទួលបានសំឡេងគាំទ្រ ២៦.៤ភាគរយ។ តាមរយៈជ័យជម្នះនេះ លោក Lai Ching-te នឹងត្រូវក្លាយជាមេដឹកនាំតៃវ៉ាន់ថ្មីជំនួសលោកស្រី Tsai Ing-wen ដែលត្រូវផុតអាណត្តិ ដោយលោកនឹងត្រូវស្បថចូលកាន់តំណែងនៅខែឧសភាខាងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា






