បាតុភូតអាកាសធាតុក្តៅ អែលនីណូ ទំនងជាធ្វើឱ្យឆ្នាំ ២០២៤ ក្តៅខ្លាំងជាងកំណត់ត្រាឆ្នាំ ២០២៣

ហ្សឺណែវ៖ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) ព្យាករណ៍ថា មានឱកាសមួយក្នុងចំនោមបី ដែលឆ្នាំ ២០២៤ នឹងមានសីតុណ្ហភាពក្តៅខ្លាំងជាងឆ្នាំ ២០២៣ ហើយ៩៩ភាគរយប្រាកដណាស់ថា ឆ្នាំ ២០២៤នេះ នឹងជាប់ចំណាត់ថ្នាក់ក្នុងចំណោមឆ្នាំក្តៅបំផុតទាំង៥ ដែលមិនធ្លាប់មានពីមុន។

អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិនិយាយថា កំណត់ត្រាសីតុណ្ហភាពប្រចាំខែថ្មី ត្រូវបានកត់ត្រារៀងរាល់ខែ ពោលគឺនៅចន្លោះខែមិថុនា ដល់ខែធ្នូ។ ហើយការកត់ត្រានេះ ទំនងជានឹងបន្តក្នុងឆ្នាំ ២០២៤ ដោយសារបាតុភូតអាកាសធាតុ អែលនីណួ កំពុងធ្វើឱ្យសីតុណ្ហភាពឡើងកំដៅខ្លាំង។

ទីភ្នាក់ងារនេះបន្តថា ខែកក្កដា និងខែសីហា ឆ្នាំមុន គឺជាខែដែលមានសីតុណ្ហភាពក្តៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រា ដូចដែលខ្លួនបានបញ្ជាក់ជាផ្លូវការថា ឆ្នាំ ២០២៣ គឺជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា។

កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ មានគោលបំណងកំណត់ការឡើងកំដៅផែនដី ឱ្យនៅក្រោម ២អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម និង ១.៥អង្សាសេ ប្រសិនបើអាចធ្វើទៅបាន។ ប៉ុន្តែទីភ្នាក់ងារ WMO និយាយថា សីតុណ្ហភាពសកលជាមធ្យមប្រចាំឆ្នាំ ២០២៣ គឺ ១.៤៥អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្មក្នុងឆ្នាំ ១៨៥០-១៩០០។

ស្របពេលជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិបានព្រមានថា បាតុភូតអាកាសធាតុក្តៅ អែលនីណូ ទំនងជាធ្វើឱ្យឆ្នាំ ២០២៤នេះ មានសីតុណ្ហភាពក្តៅខ្លាំងជាងការបំបែកកំណត់ត្រាឆ្នាំ ២០២៣ ខណៈដែលស្ថាប័នអន្តរជាតិនេះ ជំរុញឱ្យកាត់បន្ថយការបំភាយឧស្ម័ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner