បណ្តុំអង្គការសង្គមស៊ីវិល អំពាវនាវការរួមគ្នាបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា (Video Inside)
បណ្តុំអង្គការសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន នៅថ្ងៃទី១៥មករា អំពាវនាវគណបក្សនយោបាយ, អង្គការ សមាគម សង្គមស៊ីវិល សូមរួមគ្នាលុបបំបាត់មនោគមវិជ្ជាជ្រុលនិយមចេញពីកម្ពុជា។
បណ្តុំអង្គការសង្គមស៊ីវិល គឺចង្កោមអង្គការដែលរួមមានអង្គការ សង្គមស៊ីវិល, សិស្ស និស្សិត និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍របស់បណ្តុំ អង្គការសង្គមស៊ីវិល បានសរសេរនៅថ្ងៃចន្ទនេះថា គេ «មានការសោកស្តាយ និងសូមថ្កោលទោស ចំពោះមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែយកសមាជិក សមាជិការបស់ខ្លួន ចួលរួមធ្វើអំពើខុសច្បាប់ ជាចរិកនយោបាយ ដែលមិនហុចផលជូនសង្គមជាតិឡើយ»។
សេចក្តីថ្លែងការណ៍ដដែលសរសេរទៀតថាមាន «មេដឹកនាំក្រុមប្រឆាំងជាទណ្ឌិតរស់នៅក្រៅប្រទេស តែងតែញុះញង់បំបែកបំបាក់ បង្កើតគោលនយោបាយ ភូតភរកុហក ធ្វើប្រជាភិថុត បោកបញ្ឆោតសកម្មជនរបស់ខ្លួន ឱ្យជឿលង់មនោគមវិជ្ជាខ្មៅ កខ្វក់ បង្កើតបញ្ហាផ្សេងៗរាប់មិនអស់»។
សេចក្តីថ្លែងការណ៍ បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម សូមបញ្ឈប់រាល់សារនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ និងកុំយកសកម្មជនរបស់ខ្លួន ធ្វើជាខែលដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងនីតិវិធីច្បាប់»។
សេចក្តីថ្លែងការណ៍បានអំពាវនាវឱ្យក្រុមប្រឆាំងទាំងនោះ «ចូលរួមអបអរសាទរនឹងមហាព្រឹត្តិការណ៍នានាដ៏អស្ចារ្យរបស់កម្ពុជា ដើម្បីលើកមុខមាត់ជាតិ ជាជាងអង្គុយបន្តុះបង្អាប់…និងសូមគោរពស្ថាប័នជាតិរៀបចំការបោះឆ្នោត»។
សេចក្តីថ្លែងការណ៍នាចុងបញ្ចប់ បានសរសេរថា «ក្នុងនាមជាយុវជនសង្គមស៊ីវិល សូមអំពាវនាវម្តងហើយម្តងទៀត ដល់សកម្មជនប្រឆាំង សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យឱកាសកសាងសង្គមជាតិរួមគ្នា» និង «សូមកុំបណ្តោយខ្លួនឱ្យក្លាយជាឈ្នាន់នយោបាយ ដែលអាចបណ្តាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង, ដល់ក្រុមគ្រួសារ និងសង្គមជាតិ… ជាពិសេសសូមឱ្យបណ្តាគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរឹត និងខ្មៅកខ្វក់រប់សក្រុមប្រឆាំងជ្រុលនិយាម ឱ្យអស់ចេញពីកម្ពុជា»។