ក្រសួងកសិកម្មកំពុងចាត់វិធានការចំពោះជ្រូកងាប់នៅស្រុកកំពង់រោទ៍ (Video Inside)

ក្រសួងកសិកម្មបានចុះពិនិត្យ និងបាញ់ថ្នាំសម្លាប់មេរោគបន្ទាប់ពីមានករណីជ្រូកងាប់ នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលគេសង្ស័យខ្លាចមានការឆ្លងនូវជំងឺប៉េស្តជ្រូក។ សំណាកជ្រូកងាប់ទាំងនោះ កំពុងស្ថិតក្នុងយកមកធ្វើវិភាគ។

អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានបញ្ជាក់អោយដឹងនៅថ្ងៃទី១៥មករានេះថា ក្រោយមានការផ្សព្វផ្សាយអំពីជ្រូកងាប់ជាច្រើនក្បាល នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង អគ្គនាយកដ្ឋានសុខភាពសត្វ ក្រសួងកសិកម្ម បានទៅដល់ទីតាំងកើតហេតុហើយ ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានបាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាក់មកធ្វើវិភាគ។

អ្នកនាំពាក្យក្រសួងកសិកម្មដដែលបានថ្លែងថា ករណីដែលមានជ្រូកងាប់ជាបន្តបន្ទាប់ជាច្រើន នៅក្នុងស្រុកកំពង់រោទ៍នោះ បានបង្កឱ្យមានក្តីបារម្ភខ្លាចក្រែងមានការផ្ទុះជម្ងឺប៉េស្តជ្រូក។ អ្នកនាំពាក្យបានថ្លែងថា ម្ចាស់ដែលមានជ្រូកងាប់ មិនព្រមយកជ្រូកនោះទៅកប់ ឬដុតចោលនោះទេ ប៉ុន្តែបែរជាកាប់ប្រលេះសាច់លក់ នៅតាមភូមិ បណ្តាលឲ្យជ្រូកអ្នកភូមិផ្សេងទៀត ឆ្លងងាប់ជាបន្តបន្ទាប់ដែរ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។

អ្នកនាំពាក្យក្រសួងកសិកម្ម បានបន្តថា ពាក់ព័ន្ធនឹងករណីជ្រូកងាប់ជាច្រើនក្បាលជាបន្តបន្ទាប់នេះ ក្រសួងមិនទាន់អាចសន្និដ្ឋានជាក់លាក់ថា ជាជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ ដោយរង់ចាំការយកសំណាកមកវិភាគសិន។

អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា បើសិនយកមកវិភាគឃើញថា ពិតជាជំងឺប៉េស្តជ្រូកមែន ជ្រូកដែលឈឺទាំងឡាយ នឹងត្រូវបំផ្លាញចោល ដើម្បីកុំឱ្យមានការឆ្លងរាតត្បាតទៅកាន់តំបន់ផ្សេងៗទៀត៕

ads banner