អតីតអភិបាលក្រុងកែប ត្រូវតុលាការឃុំខ្លួន ពីបទពាក់ព័ន្ធពុករលួយ (Video Inside)

អតីតអភិបាលក្រុងកែប លោក ខេង យ័ន ដែលពាក់ព័ន្ធនឹងអំពើពុករលួយ ត្រូវបានតុលាការរាជធានីសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ចំនួន២ គឺបទរំលោភអំណាច និងបទសម្អាតប្រាក់។

អភិបាលក្រុងកែបនោះត្រូវបានគេឃាត់ខ្លួនច្រើនម៉ោងកាលពីថ្ងៃទី២មករា និង១០ថ្ងៃក្រោយមក លោកត្រូវបានគេដកហូតចេញពីតំណែង យោងតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានប្រកាសការឃុំខ្លួនលោក ខេង យ័ន ក្រោមបទចោទប្រកាន់ចំនួន២ គឺបទរំលោភអំណាច និងបទសម្អាតប្រាក់ យោងតាមមាត្រា ៣៥ នៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ នៃមាត្រា៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

លោក ខេង យ័ន គឺជាមន្ត្រីលើកដំបូងហើយ ក្នុងឆ្នាំ២០២៤ ដែលត្រូវបានអង្គភាពប្រឆាំងនឹងអំពើពុករលួយចាប់ខ្លួន ពីបទប្រព្រឹត្តអំពើពុករលួយនេះ។

សម្តេចធិបតី បានថ្លែងកាលពីសប្តាហ៍មុនដាស់តឿនមន្ត្រីក្រោមឳវាទរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រកាន់ខ្ជាប់នូវការបំរើប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីចៀសវាងការឈានដល់ការប្រើអនុវត្តអភិក្រមទី៥។

សម្តេចធិបតីបានប្តេជ្ញាដោយម៉ឺងម៉ាត់បន្តអនុវត្តអភិក្រមទី៥ ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គង នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

ads banner