សម្តេចធិបតីទទួលជួបប្រធានក្រុមហ៊ុន ACCOR Group (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបតំណាងក្រុមហ៊ុន ACCOR Group ដែលបង្ហាញនូវសុទិដ្ឋិនិយមរបស់ខ្លួន ជុំវិញការធ្វើអាជីវកម្មវិស័យទេសចរណ៍ និងសណ្ឋាគារ នៅកម្ពុជា ក្នុងឆ្នាំ២០២៤។
ACCOR Group គឺជាក្រុមហ៊ុនអន្តរជាតិបារាំង ដែលវិនិយោគលើវិស័យអាជីវកម្មសណ្ឋាគារ, រមណីយដ្ឋាន និងអចលនទ្រព្យ សម្រាប់ការកំសាន្តលំហែកាយ ដែលមានបណ្តាញសាខា នៅទូទាំងសកលលោក ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។
លោកស្រី ម៉ូ បេលី Maud BAILLY នាយកប្រតិបត្តិ នៃសណ្ឋាគារ Sofitel, សណ្ឋាគារ MGallery និងសណ្ឋាគារ Emblems ក្នុងឱកាសអនុញ្ញាតចូលជួបសម្តែងការគួរសម បានជម្រាបសម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។
លោកស្រី Maud BAILY បានជម្រាបអំពីស្ថានភាពកាន់តែល្អ ប្រសើរ និងដំណើរវិវឌ្ឍន៍ នៃវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជាឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរថែមទៀត។
លោកស្រីបានបន្ថែមថា ក្រុមហ៊ុន ACCOR Group បាននិងកំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique Hotel ផ្សេងៗទៀត ដែលជាការលើកស្ទួយ នៃរូបភាព និងកិត្យានុភាព នៃប្រទេសកម្ពុជា។
លោកស្រីបានលើកឡើងថា តាមរយៈសណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះ នៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងរីករាយក្នុងការជួបពិភាក្សា និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ ឱ្យមានសន្ទុះឡើងវិញ ដែលនឹងវិវត្តន៍ទៅរកស្ថានភាពមុនវិបត្តិកូវីដ១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
ក្នុងជំនួបនេះដែរ សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាព នៃវិស័យទេសចរណ៍បន្តងើបឡើងវិញ។