លោក Trump សាទរជ័យជំនះនៅរដ្ឋ Lowa អំឡុងការបោះឆ្នោតបឋម របស់បក្សសាធារណរដ្ឋ
វ៉ាស៊ីងតោន ឌីស៊ី៖ លោក Donald Trump បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី អំឡុងការបោះឆ្នោតប្រកួតប្រជែងក្នុងបក្សសាធារណរដ្ឋ នៅឯរដ្ឋ Lowa។ ជ័យជំនះនេះបានធ្វើឲ្យលោក ពង្រឹងប្រជាប្រិយភាព ក្នុងគណបក្ស ត្រៀមប្រកួតប្រជែងជាមួយប្រធានាធិបតី Joe Biden ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ខាងមុខនេះ។
អតីតប្រធានាធិបតីអាមេរិករូបនេះមានប្រជាប្រិយភាពនាំមុខ ដើម្បីឆ្ពោះទៅធ្វើជាបេក្ខភាពប្រធានាធិបតី របស់គណបក្ស អស់រយៈពេលជាងមួយឆ្នាំហើយ។ លទ្ធផលនៃការបោះឆ្នោតបឋម នៅរដ្ឋ Lowa នេះ បានផ្តល់នូវការយល់ដឹងច្បាស់បំផុតអំពីសមត្ថភាពរបស់លោក ក្នុងការត្រលប់ទៅដឹកនាំ សេតវិមានវិញ ដ៏គួរឱ្យភ្ញាក់ផ្អើល។
សម្រាប់ការបោះឆ្នោតបឋម នៅរដ្ឋ Lowa លោក Trump ទទួលបានសម្លេងគាំទ្រ ៥១ ភាគរយ យកឈ្នះជាប្រវត្ថិសាស្ត្រ លើបេក្ខភាពបក្សសាធារណរដ្ឋម្នាក់ទៀត គឺលោក Ron Desantis អភិបាលរដ្ឋ Florida ដែលទទួលបាន ត្រឹម ២១.២ភាគរយ។ រីឯគូប្រជែងមួយរូបទៀត ដែលជាអតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោកស្រី Nikki Haley ទទួលបាន ត្រឹម២១ភាគរយ។
គួរបញ្ជាក់ថា គណបក្សសាធារណរដ្ឋនឹងបន្តរៀបចំការបោះឆ្នោតបឋម នៅតាមរដ្ឋនិងដែនដីអាមេរិកដទៃទៀត ជាបន្តបន្ទាប់ ក្រោយពេលបញ្ចប់ការបើកឆាកបោះឆ្នោតបឋម នៅរដ្ឋ Lowa។ រីឯ បក្សប្រជាធិបតេយ្យ ដែលជាបក្សរបស់លោកប្រធានាធិបតីអាមេរិក Jo Biden គ្រោងនឹងចាប់ផ្តើមដំណើរការបោះឆ្នោតបឋម នៅខែកុម្ភៈ ខាងមុខនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត