មានករណីជនអានាមិកក្លែងបន្លំគណនី ដោយបានប្រើប្រាស់រូបភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី
ភ្នំពេញ៖ ថ្មីៗនេះ មានករណីជនអានាមិកបានក្លែងបន្លំគណនី ដោយបានប្រើប្រាស់រូបភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី (ជាគណនីសន្ទនាតាមប្រព័ន្ធតេឡេក្រាម) ក្នុងចេតនាក្លែងបន្លំ កុហកបោកប្រាស់ ឬទាញយកប្រយោជន៍ដោយប្រការណាមួយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងមុខងារសាធារណៈនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
ចំពោះករណីនេះ ក្រសួងមុខងារសាធារណៈ សូមអំពាវនាវឱ្យជនបង្កបញ្ឈប់នូវទង្វើនេះជាបន្ទាន់ បើពុំនោះទេ ក្រុមការងារនឹងធ្វើការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកជនទទួលខុសត្រូវចំពោះមុខច្បាប់ជាក់ជាមិនខាន។ ឆ្លៀតឱកាសនេះ ក្រសួងមុខងារសាធារណៈសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គមនានា តាមប្រព័ន្ធអ៊ីនធឺណិត សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងការក្លាយខ្លួនជាជនរងគ្រោះបច្ចេកវិទ្យា ដែលនាំឱ្យបាត់បង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិ ដែលបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ឬការលួចប្រើប្រាស់បច្ចេកទេសចម្លងមេរោគជាដើម៕
ដោយ៖ពលជ័យ
